ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលហុងកុង ចំណាយប្រាក់ជាច្រើនសម្រាប់ប៉ូលិសធ្វើការថែមម៉ោងទប់ស្កាត់បាតុកម្ម

ចែករំលែក៖

បាតុកម្មនៅហុងកុងមិនត្រឹមតែប៉ះពាល់ដល់​សេដ្ឋកិច្ច ការរស់នៅរបស់ពលរដ្ឋ ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលក៏បានចំណាយប្រាក់ ជាច្រើន ដើម្បីបង់ថ្លៃថែមម៉ោងដល់កម្លាំងប៉ូលិស ។

បាតុកម្មនៅកោះហុងកុងតាំងពីខែមិថុនាឆ្នាំ​២០១៩មក បង្ខំឲ្យកម្លាំងសន្តិសុខ ប៉ូលិស ត្រូវតែធ្វើការថែមម៉ោងដើម្បីការពារទីតាំងសំខាន់ៗ រក្សាសន្តិសុខទប់ស្កាត់ក្រុមបាតុករ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។ រដ្ឋាភិបាលកោះហុងកុង ត្រូវចំណាយប្រាក់បន្ថែមរហូតដល់ទៅ​១២៨លានដុល្លារ សម្រាប់ប៉ូលិសធ្វើការថែមម៉ោង​។

សារព័ត៌មាន​ South China morning Post ​បានផ្សាយថា ប៉ូលិសហុងកុង​ត្រូវទទួលបានប្រាក់ ធ្វើការថែមម៉ោងដល់ទៅ​ជិត​១ពាន់លានដុល្លារ ហុងកុង(ប្រមាណ១២៨លានដុល្លារអាមេរិក) ចាប់តាំងពីខែមិថុនាកន្លងមក ពេលបាតុកម្មផ្ទុះឡើង។

ប្រាក់ចំណាយបន្ថែមលើកម្លាំងសន្តិសុខ​ត្រូវ​បានរដ្ឋាភិបាលហុងកុងប្រកាសជាសាធារណៈ នៅថ្ងៃទី​១៣ខែធ្នូ​​​​ ក្រោយពេលផ្តល់របាយការណ៍​​ដល់ នាយកដ្ឋានសន្តិសុខហុងកុង​​។​ជាមួយគ្នានេះ​រដ្ឋាភិបាលហុងកុងក៏បានស្នើដំឡើងប្រាក់ខែ ដល់បុគ្គលិកមន្ត្រីរដ្ឋការផងដែរ​។

ប៉ុន្តែគម្រោង ដំឡើងប្រាកខែ ត្រូវបានគណបក្សប្រឆាំង បដិសេធ​ដោយស្នើឲ្យរដ្ឋាភិបាលកោះហុងកុង លុបបញ្ជីឈ្មោះ ប៉ូលិស ចេញពីគម្រោងដំឡើងប្រាក់ខែសិន។ ការដំឡើងប្រាក់ខែសម្រាប់ប៉ូលិស សន្តិសុខគឺត្រូវពិភាក្សាដាច់ដោយឡែក។ ហុងកុង មានប៉ូលិស ប្រមាណ​៣ម៉ឺននាក់​។ ប៉ូលិសហុងកុងរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋ ក្នុងរយៈពេល​៦ខែកន្លងមក​ដោយសារតែ​ប្រើអំពើហិង្សាទៅលើបាតុករ៕


ចែករំលែក៖