លោក Tony Radakin មេបញ្ជាការកងទ័ពជើងទឹកអង់គ្លេស បានថ្លែងប្រាប់ទូរទស្សន៍ BBC ថា អ៊ីរ៉ង់ នៅតែគំរាមកំហែងដល់ច្រកសមុទ្រហ័រមូសដដែល ។ អង់គ្លេស ក៏អាចប្រឈមមុខនឹងភាពតានតឹងជាមួយនឹងទីក្រុងតេអេរ៉ង់ ផងដែរ ក្រោយការដោះលែងនាវាដោតទង់ជាតិអង់គ្លេស Stena Impero ដែលអ៊ីរ៉ង់ រឹបអូស កាលពីអំឡុងខែកក្កដា កន្លងទៅ ។
លោកមេបញ្ជាការ បានបន្ដថា បើទោះជាមានការគំរាមកំហែងពីអ៊ីរ៉ង់បែបនេះក្ដី តែរហូតមកដល់ពេលនេះ កងទ័ពជើងទឹករបស់អង់គ្លេស ក៏នៅតែមានវត្ដមាន នៅក្នុងតំបន់នោះដដែល ។ យើងត្រូវតែមានប្រតិកម្ម នៅពេលណាប្រទេសជាតិ មានការគំរាមកំហែងពីអ៊ីរ៉ង់ ។ យើងនឹងតបតាមអ្វីដែលយើងមាន ។
លោកមេបញ្ជាការ បានបញ្ជាក់ថា អង់គ្លេសនឹងបន្ដគាំទ្រដល់សម្ពន្ធមិត្ត ដែលដឹកនាំដោយអាមេរិក នៅក្នុងប្រតិបត្ដិការការពារសន្ដិសុខ នៅច្រកសមុទ្រ ហ័រមូស ។ ប៉ុន្ដែអង់គ្លេសនឹងមិនចូលរួមប្រតិបត្ដិការជាមួយនឹងក្រុមសម្ពន្ធមិត្ត ដែលបង្កើតឡើងដោយបារាំង នោះទេ ។ ទោះជាយ៉ាងណាក្ដី យើងក៏ស្វាគមន៍ដល់ប្រទេសបារាំង ដែលបានបង្កើនកិច្ចការពារសុវត្ថិភាពដល់ការធ្វើចរាចរណ៍តាមផ្លូវទឹកផងដែរ ។
ក្រោយពេលមានការវាយប្រហារទៅលើនាវាដឹកប្រេង កាលពីពេលកន្លងមក បានធ្វើឲ្យអ៊ីរ៉ង់ និងលោកខាងលិច កាន់តែមានភាពតានតឹងដាក់គ្នា ។ ដោយឡែកអាមេរិក ក៏បានចោទប្រកាន់អ៊ីរ៉ង់ ថា ជាអ្នកនៅពីក្រោយការវាយប្រហារនោះ ។ ដោយសារតែមានការគំរាមកំហែង តាមផ្លូវទឹកពីសំណាក់អ៊ីរ៉ង់ បែបនេះ ទើបអាមេរិក បានបង្កើតសម្ពន្ធមិត្តជាមួយប្រទេស នៅតាមតំបន់ឈូងសមុទ្រ ដើម្បីការពារដល់សន្ដិសុខ តាមផ្លូវទឹក ។
ជាមួយគ្នានេះដែរ ប្រទេសតាមតំបន់ឈូមសមុទ្រ រួមមាន អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ប៉ារ៉ែន គុយវ៉ែត និងអូម៉ង់…ជាដើម ក៏បានសហការគ្នា បង្កើនសន្ដិសុខ ដើម្បីទប់ស្កាត់ដល់ការគំរាមកំហែងនានាពីអ៊ីរ៉ង់ ផងដែរ៕