អាមេរិកបានបង្ហាញពីចេតនាពិត នៅក្នុងប្រទេសស៊ីរី ដែលអាមេរិក បានខិតខំចំណាយពេលវេលានិងទ្រព្យសម្បត្តិជាច្រើន ក្នុងការធ្វើសង្គ្រាមនៅស៊ីរី ។ នៅពេលនេះ មន្ទីរបញ្ចកោណអាមេរិក បានបញ្ជូនទាហានវិលត្រឡប់ទៅកាន់ ទីតាំងយោធា នៅក្នុងប្រទេសស៊ីរីជាថ្មីឡើងវិញ ។ បច្ចុប្បន្នទីតាំងយោធាអាមេរិក នៅស៊ីរីបានកើនឡើងដល់ទៅ១៣ កន្លែង គឺសម្បូរប្រេង ។
កន្លងមកអាមេរិក បានដកកម្លាំងទាហានចេញពីទីតាំង១៦កន្លែងនៅស៊ីរី ទុកឲ្យតួកគីអនុម័ត គោលនយោបាយយោធា«សន្តិភាពនិទាឃរដូវ»ក្នុងប្រទេសស៊ីរី ដោយមានគោលដៅវាតទីគ្រប់គ្រង់ទឹកដីស៊ីរី ។ ក្រោយតួកគីទទួលបានជោគជ័យ អាមេរិក ក៏បន្តបញ្ជូនទាហានវិលត្រឡប់ទៅកាន់ស៊ីរីវិញ ក្នុងគោលដៅគ្រប់គ្រង អណ្តូងប្រេង ដ៏សម្បូរបែបនៅទីនោះ ។ កម្លាំងទាហានអាមេរិក ក៏បានបូបយកប្រេងរបស់ស៊ីរី ទៅលក់ឲ្យប្រទេសតួកគី ។
សារព័ត៌មានស៊ីរីបានផ្សាយថា អាមេរិក បានបង្កើតការពង្រឹងសន្តិសុខនៅក្នុងតំបន់សម្បូរប្រេងក្នុងនោះមានតំបន់ Hasakah ជាដើម ។ ក្រៅពីនេះក៏បានបង្កើនសន្តិសុខ នៅជិតព្រំដែនប្រទេសតួកគី ងាយស្រួលក្នុងការដឹកជញ្ជូនប្រេងឆ្លងកាត់ទៅលក់នៅតួកគី។
ចំពោះតួកគីវិញ បានចូលគ្រប់គ្រងទឹកដីស៊ី៣០គីឡូម៉ែត្រពីព្រំដែន បង្កើតតំបន់មានសុវត្ថិភាព ទាំងនោះជាជោគជ័យជំហានទីមួយ ក្នុងការឈ្លានពានទឹកដីស៊ីរី ។ ចំណែកអាមេរិក វិញ ក៏ទទួលបានជោគជ័យនៅក្នុងការ យកប្រេងស៊ីរី ផងដែរ។
កន្លងមកប្រធានាធិបតីស៊ីរីបានថ្កោលទោសយ៉ាងខ្លាំង ដល់ទាហានអាមេរិក ដែលលួចប្រេងរបស់ពលរដ្ឋស៊ីរី ទៅលក់ឲ្យប្រទេសជិតខាង។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធ សង្គ្រាមនៅស៊ីរីនោះដែរ កងទ័ពរបស់របបគ្រប់គ្រស៊ីរី បានបើកការវាយប្រហារតាមអាកាស ទៅលើតំបន់ពាយព្យ នៃប្រទេសនេះ ដោយបានបណ្ដាលឲ្យជនស៊ីវិល២៣នាក់ បាត់បង់ជីវិត ហើយមនុស្សរាប់សិប នាក់ផ្សេងទៀត រងរបួស។
មន្រ្ដីស៊ើបអង្កេតសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាន នៅក្នុងប្រទេសអង់គ្លេស បានថ្លែងថា កងទ័ពរបស់របបលោក បាសារ អាល់អាសាដ (Bashar al-Assad) បានបើកការវាយប្រហារទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគពាយព្យ នៃប្រទេសស៊ីរី ដោយបានបណ្ដាលឲ្យជនស៊ីវិល ចំនួន២៣ស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានកុមារផងដែរ ។ ក្រៅពីនេះ កងទ័ពស៊ីរី ក៏បានបាញ់កាំភ្លើងធំ ផ្លោងទៅលើភូមិ Talmanas បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ ហើយប្រពន្ធ និងកូន៣នាក់របស់បុគ្គលិកអង្គការសង្គ្រោះមួកស ក៏បានស្លាប់ នៅក្នុងតំបន់ Badama ផងដែរ។
ប្រភពព័ត៌មានដដែល បានបន្ដថា រីឯភូមិ Maasaran ត្រូវបានកងទ័ពរបស់របបគ្រប់គ្រងស៊ីរី វាយប្រហារតាមអាកាស ផងដែរ ដោយបានសម្លាប់មនុស្សចំនួន៦នាក់ ។ នៅក្នុងសប្ដាហ៍នេះ កងទ័ពស៊ីរី ក៏បានបង្កើនការវាយប្រហារទៅលើខេត្ត Idlib បន្ថែមទៀត។
សូមជម្រាបថា មុនពេលសង្រ្គាមផ្ទុះឡើង នៅអំឡុងឆ្នាំ២០១១នោះ ទីក្រុង Aleppo នាភាគខាងជើង នៃប្រទេសស៊ីរីនេះ ក៏ជាមជ្ឈមណ្ឌាលពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសនេះ ។ ប៉ុន្ដែក្រោយពេលផ្ទុះសង្រ្គាមឡើង តំបន់ទាំងនោះក៏បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម ដែលមានទំនាក់ទំនងជាមួយអង្គការបណ្ដាញភេរវកម្ម Al Qaeda ៕