ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ចុះបង្ក្រាបទីតាំងរថយន្តកែច្នៃខុសបច្ចេកទេស២កន្លែង រកឃើញរថយន្តខុសបច្ចេកទេស១៩គ្រឿង នៅស្រុកកណ្ដាលស្ទឹង កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ទីតាំងកែឆ្នៃ រថយន្តខុសច្បាប់ ២កន្លែងនោះ រួមមាន៖ យាន្តដ្ឋានទី១ មានយីហោ លី ហុង ជួសជុលរថយន្ត(យានដ្ឋាននេះមានលិខិតអនុញ្ញាត ពីមន្ទីរសាធារណការ ខេត្តកណ្តាល ) មានទីតាំង ស្ថិតនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ម្ចាស់ទីតាំងឈ្មោះ ង៉ាន់ សាវន ភេទស្រី ស្នាក់នៅបច្ចុប្បន្នភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។ យាន្តដ្ឋានទី១នេះ គឺមានច្បាប់តែជួសជុលទេ ប៉ុន្តែកម្លាំងជំនាញបានពិនិត្យឃើញថា មានការកែច្នៃ រថយន្តពីរថយន្តទ្រុងត ទៅជារថយន្តបែន ជាប្រភេទរថយន្តកាត់ត និងចង្កូតស្តាំ ។
រថយន្តដែល ម្ចាស់ទីតាំងយកមកកែច្នៃនេះ មានចំនួន១២ គ្រឿង ក្នុងនោះរថយន្ត.ម៉ាក NISSAN DESEL ៩គ្រឿង ម៉ាកCAN TTER ២គ្រឿង និងម៉ាក ISUZU ១គ្រឿង។ ដោយឡែក ទីតាំងមួយកន្លែងទៀត ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ។ នៅយាន្តដ្ឋានទី២ នោះ កម្លាំងជំនាញបានត្រួតពិនិត្យឃើញមាន រថយន្តកែច្នៃចំនួន៧គ្រឿងបន្ថែមទៀត៕ ស្អាងជ័យ