ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់រថយន្តក្រុងដ៏រន្ធត់នៅហុងកុង ស្លាប់និងរបួសជិត​៥០នាក់

ចែករំលែក៖

សារព័ត៌មានហុងកុងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បានផ្សាយថា មានករណីគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរ បណ្តាលឲ្យ មនុស្ស​យ៉ាងតិច​៦នាក់​បានស្លាប់ និង​៤០នាក់​ផ្សេងទៀត​បានរងរបួស។

មូលហេតុបណ្តាលឲ្យរថយន្តក្រុង ពីរជាន់ រងគ្រោះដោយ​បុក ជាមួយដើមឈើ​មួយដើម ​​នៅ​ដងផ្លូវ​ហាវ៉េ​មួយកន្លែង​នៅទីក្រុងហុង​កុង​កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។ ប៉ូលិសចរាចរណ៍​ហុង​កុង​បានបញ្ជាក់ថា បាននិងកំពុងស៊ើបអង្កេត​ទាក់ទង​ហេតុការណ៍​អកុសលមួយនេះ ។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ រថយន្តក្រុងរបស់ក្រុមហ៊ុន KMB បានធ្វើចរាចរណ៍​ដឹកអ្នកដំណើរ​ តាមដងមហាវិថី Fanling Highway លុះទៅដល់ជិតតំបន់ Kwu Tung ក្បែរព្រំប្រទល់ជាមួយ​ប្រទេសចិន​នោះ ស្រាប់តែកើតមានគ្រោះថ្នាក់តែម្តង ។ រថយន្តរេចង្កួត​​ធ្លាក់ពីផ្លូវ​ហាយវ៉េ​ទៅបុកជាមួយដើមឈើ ។

ប៉ូលិស​បញ្ជាក់ថា មនុស្ស​៦នាក់​បានស្លាប់នៅកន្លែងកើតហេតុ-បីនាក់​ជាបុរស និងបីនាក់ជាស្ត្រី ។ ប្រភពពីមន្ទីរពេទ្យ​ក្នុងតំបន់​បញ្ជាក់ថា មនុស្ស​៤០នាក់ផ្សេងទៀត​បានរងរបួស​ក្នុងហេតុការណ៍នេះ ។

អ្នករស់រាន​ម្នាក់​បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន TVB បញ្ជាក់ថា គាត់បានកំពុងដេកលក់ពេលដែលហេតុការណ៍​បានកើតឡើង ។ លោកថា ពេលភ្ញាក់ឡើង គឺខ្លួនគាត់ជាប់នៅនឹងកៅអីរថយន្ត ។ បុរសរូបនេះ​បានរងរបួសនៅត្រង់ក្បាល និងដៃខាងស្តាំ ។

ផ្លូវចរាចរណ៍​ក្នុងតំបន់ ត្រូវបានសមត្ថកិច្ច​បិទចរាចរណ៍​ជាបណ្តោះអាសន្នផងដែរ ។ ប៉ូលិស​គាស់​កកាយ​យកសាកសព​ម្តងមួយៗ​ និងបញ្ជូន​អ្នករងរបួសទៅកាន់មន្ទីរពេទ្យ​ដែលនៅជិតយ៉ាងតក់ស្លុត​ចិត្តបំផុត ៕


ចែករំលែក៖