ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានប្រកាសកាលពីថ្ងៃទី១៨ ខែធ្នូ ថា ប្រធានាធិបតីដូណាល់ ត្រាំ បានបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក យ៉ាងពិតប្រាកដ ។ កត្ដាទាំងនេះហើយ បានបង្ខំឲ្យគណបក្សប្រជាធិបតេយ្យ គ្មានជម្រើសអ្វីផ្សេង ក្រៅពីចោទប្រកាន់ទោសនោះឡើយ ។
សភាអាមេរិក បានបោះឆ្នោតសម្រេចឲ្យពិភាក្សាទៅលើការចោទប្រកាន់ទោសប្រធានាធិបតី ដូណាល់ ត្រាំ ដោយមានសំឡេងគាំទ្រ រហូតដល់ទៅ២២៨ និង ប្រឆាំង១៩៧ ។ ការជជែក នៅក្នុងសភា ក៏បានចាប់ផ្តើមឡើង កាលពីថ្ងៃទី១៨ ខែធ្នូ (ពេលវេលានៅអាមេរិក) ។ ប្រធានរដ្ឋសភាអាមេរិក លោកស្រី Pelosi បានលើកឡើងថា «ពិតជាគួរឲ្យសោកស្តាយដល់សកម្មភាពខ្វះការប្រុងប្រយ័ត្នរបស់លោកត្រាំ ធ្វើឲ្យការចោទប្រកាន់ទោសជារឿងចាំបាច់បំផុត ។ លោកត្រាំ មិនបានទុកជម្រើសផ្សេងពីនេះនោះឡើយ» ។
ការជជែកគ្នា នៅក្នុងសភា ស្តីពីការចោទប្រកាន់ទោសប្រធានាធិបតី ដូណាល់ ត្រាំ បានអូសបន្លាយ អស់រយៈពេលជាង១០ម៉ោង ហើយនៅមិនទាន់បញ្ចប់នៅឡើយ ។ ក្រោយការជជែកដេញដោល បានបញ្ចប់ សភា និងបោះឆ្នោតចោទប្រកាន់ទោសជាផ្លូវការ ។
គណបក្សបក្សប្រជាធិបតេយ្យ នៅក្នុងសភា បានស្រាវជ្រាវ អស់រយៈពេល២ខែកន្លងមក ដោយចោទប្រកាន់លោកត្រាំ ដាក់គំនាបទៅលើអ៊ុយក្រែនឲ្យស្រាវជ្រាវចោទប្រកាន់គូប្រជែងតំណែងប្រធានាធិបតី គឺលោក Joe Biden និងកូនប្រុស ពីមុនជំនួញ នៅប្រទេសអ៊ុយក្រែន ។
វិវាទផ្ទៃក្នុងរបស់អាមេរិក បានបង្ហាញចេញជារូបរាំង រវាងបក្សនយោបាយទាំងពីរ គឺសាធារណរដ្ឋ និងប្រជាធិបតេយ្យ ។ នៅពេលនេះ លោកត្រាំ អាចប្រឈមនឹងការដកតំណែង ប្រសិនបើការចោទប្រកាន់ទោសជាផ្លូវការ ។
លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីអាមេរិកទី៣ ដែលត្រូវគេចោទប្រកាន់ជាផ្លូវការ?
ដោយសារតែសភាតំណាងរាស្ត្រអាមេរិក បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យជាមួយ សំឡេងភាគច្រើន គេរំពឹងថាមាត្រាទាំង២នៃនីតិវិធីចោទប្រកាន់ជាផ្លូវការ ឬនីតិវិធីដកតំណែងប្រធានាធិបតី នឹងត្រូវបាន អនុម័តនៅថ្ងៃពុធសប្ដាហ៍នេះ ហើយលោក ដូណាល់ ត្រាំ អាចនឹងក្លាយជាប្រធានាធិបតីទី៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានគេដំណើការនីតិវិធីដកតំណែង ។ តែទោះបីជាមាត្រាទាំង២ ត្រូវបានអនុម័តក៏ដោយ វានៅត្រូវបញ្ជូនទៅកាន់ ព្រឹទ្ធសភា ដើម្បីបោះឆ្នោតសម្រេចជាបន្តទៀត ។
នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក Andrew Johnson និង លោក Bill Clinton គឺជាប្រធានាធិបតីអាមេរិកតែពីរនាក់គត់ ដែលត្រូវបានគេដំណើរការនីតិវិធីចោទការប្រកាន់ ឬទម្លាក់ចេញពីតំណែង (មិនទាន់បានទម្លាក់ទេ) ខណៈលោក Richard Nixon បានលាពីតំណែងដោយខ្លួនឯង ក្រោយរងការគំរាមកំហែងពីការដំណើរការនីតិវិធីនេះ ។ មកទល់នឹងពេលនេះ មិនទាន់មានប្រធានាធិបតីអាមេរិកណាម្នាក់ ត្រូវបានគេដកហូត ឬបណ្ដេញចេញពីតំណែងឡើយ ។
* តើការបោះឆ្នោតនៅក្នុងព្រឹទ្ធសភា នឹងធ្វើឡើងនៅពេលណា?
ក្នុងករណីដែលនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ចេញពីសេតវិមាន ត្រូវបានអនុម័តពិតមែននោះវានឹងត្រូវបញ្ជូនឱ្យព្រឹទ្ធសភាបោះឆ្នោតសម្រេចចិត្តជាបន្ត ។ មេដឹកនាំព្រឹទ្ធសភា បានបញ្ជាក់ថា ពួកគេត្រូវរង់ចាំរហូតដល់ក្រោយចូលឆ្នាំសកល ទើបបើកសវនការលើនីតិវិធីនេះ បើសិនវាត្រូវបានសភាតំណាងរាស្ត្របោះឆ្នោតអនុម័ត នៅថ្ងៃពុធសប្ដាហ៍ នេះប្រាកដមែន ។ លើសពីនេះទៀតបើសិនជាព្រឹទ្ធសភាអនុម័តជាចុងក្រោយ ក្នុងសំឡេងពីរភាគបីលើនីតិវិធីដកតំណែងប្រធានាធិបតីនោះលោក ដូណាល់ ត្រាំ នឹងអស់តំណែងដោយស្វ័យប្រវត្តិ ហើយលោក Mike Pence ដែលជាអនុប្រធានាធិបតី នឹងឡើងមកអង្គុយកៅអីជាប្រធានាធិបតី រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។
ប៉ុន្តែរឿងបែបនេះពិបាកនឹងកើតឡើងណាស់ ពីព្រោះព្រឹទ្ធសភាអាមេរិកសព្វថ្ងៃ គឺស្ថិតនៅក្រោមការគ្រប់គ្រងនៃគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ។ មួយវិញទៀត ជាធម្មតា គណបក្សមួយនេះមិនដែលបោះឆ្នោត ប្រឆាំងគ្នាឯងឡើយ ដ្បិតខ្លាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់បក្សទាំងមូល ជាពិសេសគឺអ្នកគាំទ្រតែម្ដង ។
គួរបញ្ជាក់ថា បើតាមមាត្រា២ នៃកថាខណ្ឌទី៤ នៃរដ្ឋធម្មនុញ្ញអាមេរិក មន្ត្រីសហព័ន្ធក្នុងនោះរួមមាន ប្រធានាធិបតី អនុប្រធានាធិបតី និងចៅក្រមសហព័ន្ធ នឹងត្រូវបានដកចេញពីតំណែងតាមរយៈនីតិវិធីដកតំណែង ក្នុងករណីដែលត្រូវបានគេចោទប្រកាន់ជាផ្លូវការពីបទប្រព្រឹត្តបទឧក្រិដ្ឋដូចជា ក្បត់ជាតិ ពុករលួយ និងបទឧក្រិដ្ឋដ៏ទៃទៀតដែលមាន លក្ខណៈធ្ងន់ធ្ងរ ។
យ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនយល់ថា បើសិនជា លោក ដូណាល់ ត្រាំ គ្រាន់តែត្រូវគេបានដំណើរការនីតិវិធីដកតំណែង ឬចោទប្រកាន់នៅត្រឹមសភាតំណាងរាស្ត្រ លោកនៅតែអាចចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ដដែល ហើយបើបរាជ័យបែបនេះកើតឡើងលើបក្សប្រជាធិបតេយ្យមែន វាមានន័យស្មើនឹង «លែងខ្លាឱ្យចូលព្រៃវិញ» ។ ពោលគឺមានន័យថា បើលោក ត្រាំ អាចចូលរួមក្នុងការបោះឆ្នោត នោះលោកអាចនឹងជាប់ឆ្នោតជាប្រធានាធិបតីមួយអណត្តិទៀត បើទោះជាអាចបាត់បង់សំឡេងប្រតិភូមួយចំនួនក៏ដោយ៕