ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលសង្គ្រាមស៊ីវិលស៊ីរី ៖ អាមេរិក តួកគី និងអ៊ីស្រាអែល កំពុងតែហែកចែកគ្នា

ចែករំលែក៖

តួកគីយកដី ដោយគ្រប់គ្រងតំបន់ព្រំដែនស៊ីរីជាង ៣០គីឡូម៉ែត្រ ចំណែកអាមេរិកខិតខំបូបយកប្រេងពីស៊ីរី​ ។ ចំណែកអ៊ីស្រាអែល​​ ក៏បានគ្រប់គ្រងតំបន់ ព្រំដែនស៊ីរីផងដែរ ។

សារព័ត៌មាន​ TASS បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសស៊ីរី លោក​ Muallem ​ដោយបានបញ្ជាក់ថា រដ្ឋាភិបាលស៊ីរី​ បានថ្កោលទោសយ៉ាងខ្លាំង​ដល់អាមេរិក ដែលប្រើប្រាស់កម្លាំងទាហាន ប្លន់ប្រេង​របស់ពលរដ្ឋស៊ីរី​ ។ លោកបានបន្តថា អាមេរិក បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក វាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង​ នៅទីក្រុង​ Homs ប្រទេសស៊ីរី ។

ការប្រកាសខាងលើរបស់លោក Muallem ខណៈទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសរុស្ស៊ី​ ហើយបានជួបពិភាក្សាជាមួយសមភាគី​រុស្ស៊ី ​លោក​ Sergei Lavrov ។ ​លោក​ Muallem បានលើកឡើង ក្នុងពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា ​សកម្មភាពរបស់អាមេរិក​ ទៅលើធនធានធម្មជាតិ គឺជាការប្លន់ ទាំងកណ្តាលថ្ងៃ ។ ​ ប្រជាពលរដ្ឋស៊ីរី ​កំពុងតែបាត់បង់ធនធានធម្មជាតិ ដោយសារអាមេរិក​ ប្រើប្រាស់កម្លាំងយោធាប្លន់ប្រេង​ ។

ជាមួយគ្នានេះដែរ លោក​ Muallem បានបញ្ជាក់ថា ស៊ីរី​ ក៏រងការឈ្លានពាន ពីប្រទេសជិតខាង​គឺតួកគី​ ដែលបានបញ្ជូនទាហាន មកគ្រប់គ្រងផ្ទៃដី ជាង​៣០គីឡូម៉ែត្រពីព្រំដែន ។ សកម្មភាពទាំងនេះ ជាការរំលោភបំពានមកលើដែនអធិបតេយ្យរបស់ស៊ីរី យ៉ាងពិតប្រាកដ ។ ក្រៅពីនេះ ស៊ីរីក៏រងការបាញ់ប្រហារ ដោយមីស៊ីល ចូលទៅកាន់ទីក្រុង​ដាម៉ាស និងតំបន់ជិតខាង​ផងដែរ​ ។

លោក​ Muallem បាន​បន្តទៀតថា ស៊ីរី កំពុងតែរងការវាយប្រហារប្លន់​ទាំងដី និងធនធានធម្មជាតិ ពីប្រទេសអ៊ីស្រាអែល អាមេរិក និងតួកគី ។ សកម្មភាពរបស់ប្រទេសទាំងនេះ មិនអាចទទួលយកបានឡើយ ព្រោះស៊ីរី គឺជាប្រទេស​មានដែនអធិបតេយ្យ ពេញ​លេញ៕

 


ចែករំលែក៖