ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃនៅឈីលី រាលដាលឆេះផ្ទះពលរដ្ឋ​ជាង​១២០ខ្នង

ចែករំលែក៖

សារព័ត៌មានប៊ីប៊ីស៊ី​ផ្សាយ​ថា ភ្លើងឆេះព្រៃបានឆេះរាល​យ៉ាងឆាប់រហ័ស ​ចូលទៅកាន់តំបន់ប្រជុំជន Valparaiso បង្ខំឲ្យអាជ្ញាធរជម្លៀសប្រជាជនទ្រង់ទ្រាយធំ ។ ជាមួយគ្នានោះភ្លើងឆេះព្រៃ​រាលដាល ឆេះផ្ទះ​ប្រជាជន​ក្នុងទីក្រុង​​អស់ជាង​១២០ខ្នង តែមួយប៉ព្រិចភ្នែក។

ក្រុមពន្លត់អគ្គិភ័យទាំងអស់​ត្រូវបានចេញប្រតិបត្តិការ​ពន្លត់ភ្លើងឆេះព្រៃ ដែលកំពុងឆេះខ្លាំង​នៅក្នុងតំបន់ Rocuant និង San Roque ។ ជាមួយគ្នានេះដែរ ចរន្តអគ្គិសនី​ត្រូវបានកាត់ផ្តាច់ អតិថិជនប្រហែល ៩០ ០០០​នាក់ពុំមានអគ្គិសនីប្រើប្រាស់ ។

អភិបាលក្រុង Valparaiso លោក Jorge Sharp បានបញ្ជាក់ប្រាប់ប្រភពព័ត៌មាន Canal 24 Horas ថា មិនមានអ្នកស្លាប់​ដោយសារករណីនេះទេ ។ ករណីភ្លើងឆេះរាលដាលនេះ គឺចាប់ផ្តើមមកពីការដុតដោយចេតនា ​។ លោក​បន្តថា នៅពេលនេះ ក្រុមកម្លាំងដោះស្រាយវិបត្តិគ្រាអាសន្ន​បាននិងកំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃ ទាំងនៅតាមអាកាស និងនៅលើដី​ ធ្វើយ៉ាងណា​គ្រប់គ្រង​ឲ្យបានស្ថានការណ៍​នេះ ។

លោកថា ខ្យល់បក់ខ្លាំង​ និងសីតុណ្ហភាព​ក្តៅ​ហួតហែង​ ជាហេតុធ្វើឲ្យភ្លើងឆេះកាន់តែមានសន្ទុះលឿន ហើយលំបាក​ក្នុងការទប់ស្កាត់ណាស់ ។ រដ្ឋធានី Valparaiso នេះ ជាទីក្រុងមួយធំជាងគេរបស់​ឈីលី ហើយក៏ជាកំពង់ធំបំផុតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ។

រដ្ឋមន្ត្រីកសិកម្ម​របស់ ឈីលី លោក Antonio Walker បានអះអាងថា ផ្ទៃដីប្រហែល​១២០ហិកតា បានរងការឆាបឆេះដោយភ្លើងឆេះព្រៃនេះ ៕


ចែករំលែក៖