ខេត្តកំពង់ឆ្នាំង ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ”និយាយដើមកីឡា”បានសរសេររៀបរាប់នៅថ្មីៗនេះថា ប្រាក់រង្វាន់ចំនួន១០មុឺនរៀល សូមចូលរួមអបអរសាទរដល់កីឡាការនី វឿន សុថាន ជាកីឡាការនីបាល់ទាត់សមាគមនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង ដែលបានទទួលពានស្បែកជើងមាស ពីសហព័ន្ធបាល់ទាត់នារីកម្ពុជា ។ ដោយទំព័ររបស់ហ្វេសប៊ុក និយាយដើមកីឡា នឹងធ្វើការលើកទឹកចិត្តបន្ថែមទៀត ដោយឧបត្ថម្ភទឹកប្រាក់ចំនួន”ពីររយពាន់រៀល”ស្មើហ្នឹង$50ដូច្នេះសូមកីឡការនីផ្ទាល់ជួយទំនាក់ទំនងតាមរយៈប្រអប់សារនិងភ្ជាប់មកជាមួយនូវលេខទំនាក់ទំងផ្ទាល់ខ្លួនផង ។ អគុណសម្រាប់ការចូលរួមផ្សព្វផ្សាយព័ត៌មាននេះបន្ត” ។
ពាក់ព័ន្ធករណីខាងលើនេះ មតិមហាជនក៏ដូចជាប្រជាពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំង ចំពោះសមាគមនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងដែលបានផ្តល់ប្រាក់រង្វាន់ដល់កីឡាការិនីបាល់ទាត់ឆ្នើមប្រចាំខេត្តរបស់ខ្លួន និងជាម្ចាស់ស្បែកជើងមាស នូវទឹកប្រាក់ត្រឹមតែ១០មុឺនរៀលប៉ុណ្ណោះ នេះជាអ្វីដែលពួកគាត់មិនសប្បាយចិត្តចំពោះប្រាក់ឧបត្ថម្ភដ៏តិចតួចស្តួចស្តើងនេះ ហើយដាក់សំណួរសួរថាតើប្រាក់រង្វាន់ដែលបានមកពីការឧបត្ថម្ភផ្សេងៗជ្រុះបាត់ទៅណាអស់ហើយលោកម្ចាស់ អស់លោកគណៈកម្មការទាំងឡាយអើយធ្វើអ្វីឲ្យវាចេះថ្លឹងថ្លែងសមចិត្តគេចិត្តឯងខ្លះផងកុំចេះតែប៉ាតណាប៉ាតណីតាមតែការនឹកឃើញពេក។
កាយវិការបែបនេះវាបានវាយបំបាក់ស្មារតីយុវជនរបស់យើង ជាពិសេសម្ចាស់ជ័យលាភីផ្ទាល់ក៏ដូចមនុស្សនៅជុំវិញខ្លួននិងយុវជនដ៏ទៃទៀតនៅទូទាំងប្រទេស ធ្វើឲ្យពួកគេបាក់ទឹកចិត្តក្នុងការខិតខំប្រឹងប្រែងបន្ដទៀត ព្រោះអស់លោកគណៈកម្មការក៏ដូចថ្នាក់ដឹកនាំក្នុជួរកីឡាពូកែតែប្រូត្រកូលនិយាយរួមបានតែទ្រឹស្ដីស្រលាញ់វិស័យកីឡាលើកស្ទួយវិស័យកីឡានៅលើតែបបូរមាត់ ដល់ពេលជាក់ស្ដែងផេះ ដល់ថ្នាក់ម្ចាស់ជ័យលាភីជានារីមានថ្វីជើងក្នុងការប្រកួតរហូតទទួលបានស្បែងជើងមាសពីអស់លោកគណៈកម្មការ បែរជាប្រាក់រង្វាន់ហៅលែងឮ ធ្វើបែបនេះតើឲ្យវិស័យកីឡារីកលូតលាស់ងើបមុខម្ដេចនឹងរួចទៅ។
ទោះជាយ៉ាងណា គណនីហ្វេសប៊ុកដដែលនេះបានទទួលប្រាក់ឧបត្ថម្ភជូនដល់កីឡាការិនី វឿន សុថាន ពីសំណាក់បងប្អូនដែលមានចិត្ត អាណិតស្រលាញ់ដល់ប្អូនស្រីជាបន្តបន្ទាប់ផងដែរ នេះគឺជាទឹកចិត្តបងប្អូនខ្មែរដែលស្រលាញ់វិស័យកីឡាក៏ដូចជួយលើកតំកើងវិស័យកីឡាខ្មែរដែលកំពុងតែត្រដាបត្រដួសមួយនេះ ប៉ុន្ដែបើក្រឡេកមើលទៅអ្នកដឹកនាំកីឡាវិញ មិនមែនត្រដាបត្រដួសនោះទេ ពោលគឺហុឺហារហុឹកកហ៊ាក់ម៉ាអេម សូម្បីថវិកាឧបត្ថម្ភផ្សេងៗក៏មិនដឹងទៅដល់ណាដែរ? ។
ដោយឡែកចំពោះការរិះគន់ខាងលើនេះ អង្គភាពសារព័ត៍មាននគរវត្ត មិនអាចសុំការបកស្រាយបំភ្លឺពីគណកម្មការសមាគមន៍បាល់ទាត់ នៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានទេព្រោះគ្មានលេខទូរស័ព្ទ ប៉ុន្តែអង្គភាពយើងរង់ចាំការបំភ្លឺពាក់ព័ន្ធករណីមួយនេះ ៕ សតារា