រដ្ឋាភិបាលថៃបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីព័ត៌មានមិនពិត ក្លែងក្លាយត្រូវបានគេបង្ហោះតាមបណ្តាញសង្គម ក្នុងការទាក់ទាញអ្នកអាន ។ ព័ត៌មានក្លែងក្លាយនោះ កំពុងតែធ្វើឲ្យសង្គមថៃច្របូកច្របល់ មិនដឹងថា ខាងណាពិត ខាងណាមិនពិតនោះឡើយ។
កន្លងមក្រុមសន្តិសុខថៃបានរកឃើញមានព័ត៌មានក្លែងក្លាយយ៉ាងច្រើន ត្រូវគេបង្ហោះតាមអនឡាញ ទើបធ្វើឲ្យនាយករដ្ឋមន្រ្ដីថៃ មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោកបានបញ្ជាឲ្យមន្រ្ដីជំនាញ តាមដានសកម្មភាពអវិជ្ជមានទាំងនេះ។
លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ និងជារដ្ឋមន្រ្ដីក្រសួងការ ពារជាតិ បានបញ្ជាឲ្យមន្រ្ដីជំនាញរបស់កងទ័ពថៃ តាមដានរាល់សកម្មភាពព័ត៌មានក្លែងក្លាយ នៅតាមអនឡាញ។ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាឲ្យក្រសួងការពារជាតិ និងកងទ័ពបង្កើនការតាមដាន និងត្រួតពិនិត្យនូវព័ត៌មានក្លែងក្លាយ។
លោកនាយករដ្ឋមន្រ្ដី បានប្រាប់ទៅមន្រ្ដីជំនាញរបស់ក្រសួងការពារជាតិថៃ ថា ការតាមដានបែបនេះ គឺដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះព័ត៌មានបំភ្លៃ នៅតាមអនឡាយ។ ព័ត៌មានក្លែងក្លាយ នៅតាមបណ្ដាញផ្សព្វផ្សាយអនឡាញនេះ ធ្វើឲ្យមានការយល់ខុស និងធ្វើឲ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។
លោក Kongcheep Tantravanich អ្នកនាំពាក្យ ក្រសួងការពារជាតិថៃ បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្ដី បានដាក់បទបញ្ជាបែបនេះ បន្ទាប់ពីកិច្ចប្រជុំ រវាងលោកនាយករដ្ឋមន្រ្ដី និងមេទ័ពកំពូលៗរបស់ថៃ កាលពីថ្ងៃទី២៦ ខែធ្នូ។ភ្នាក់ងារទាំងអស់របស់រដ្ឋាភិបាល ត្រូវតែចេះបែងចែកអំពីព័ត៌មានពិត និងក្លែងក្លាយ ដើម្បីការពារកុំឲ្យប្រជាពលរដ្ឋ រងផលប៉ះពាល់អំពីបញ្ហានេះ។ ប្រសិនបើមានព័ត៌មានក្លែងក្លាយ យើងត្រូវតែចាត់វិធានការជាបន្ទាន់ ប្រឆាំងនឹងអ្នកដែលបានផ្សព្វផ្សាយនូវព័ត៌មានទាំងនោះ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធវិស័យព័ត៌មាន តុលាការ នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៥ ខែធ្នូ បានកាត់ទោសអ្នកកាសែតស្រី ជនជាតិថៃម្នាក់ ដាក់ពន្ធនាគារ រយៈពេល២ឆ្នាំ ក្រោមការចោទប្រកាន់ ពីបទ «ប្រមាថមើលងាយ» ដោយសារនាងសរសេរតាមបណ្ដាញសង្គម មើលងាយទៅលើកសិដ្ឋាន បសុសត្វ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នេះជាបណ្ដឹងប្រឆាំងនឹងអ្នកកាសែតស្រី ( SuchaneeCloitre) ក្នុងចំណោមបណ្ដឹងផ្សេងៗទៀត ប្រឆាំងនឹងសកម្មជន និងអ្នកកាសែត។ អ្នកកាសែតស្រីខាងលើនេះ បានប្រើពាក្យសម្ដីធ្ងន់ទៅលើកសិដ្ឋានចិញ្ចឹមសត្វ ។ ដោយសារតែការប្រើពាក្យសម្ដីមិនសមរម្យ តាមបណ្ដាញសង្គមបែបនេះ ទើបនាំឲ្យការប្ដឹងផ្ដល់ ការចាប់ខ្លួន និងផ្ដន្ទាទោស ដាក់ពន្ធនាគារបែបនេះ។
លោក WarapornUthairangsee មេធាវីការពារក្ដីឲ្យអ្នកកាសែតខាងលើ បានឲ្យដឹងថា តុលាការខេត្ត Lopburi បានដោះលែងអ្នកកាសែត ខណៈបង់ប្រាក់ធានា ចំនួន២៤៩០ដុល្លារអាមេរិក បន្ទាប់ពីផ្ដន្ទាទោសនាងរួចមក។ ប៉ុន្ដែទោះជាយ៉ាងណា អ្នកកាសែតស្រីរូបនេះ នឹងបន្ដប្ដឹងឧទ្ធរណ៍៕