នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះឆ្នាំ២០១៩បានកន្លងផុត ឆ្នាំ២០២០ឈានចូលមកដល់ ប៉ុន្តែ ក្តីសុខមួយ១-២ថ្ងៃចុងក្រោយនៃឆ្នាំ២០១៩ ក៏គ្មានដែរ គឺ រងការវាយប្រហារ សម្លាប់មនុស្សជាច្រើន នៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងយេមែន។
ពលរដ្ឋដែលត្រូវរងទុក្ខវេទនា គឺដោយសារតែ បណ្តាប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក និងសម្ពន្ធមិត្ត វាយប្រហារទៅលើប្រទេសទាំង៣ ជាច្រើនឆ្នាំកន្លងមក។ សង្គ្រាមបានបំផ្លាញខ្ទេចខ្ទី បង្ខំឲ្យពលរដ្ឋ រាប់សែននាក់ត្រូវបោះបង់ចោលផ្ទះសម្បែង ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។
ពេលថ្មីៗនេះ កម្លាំងទាហានអាមេរិកបានវាយប្រហារតាមយន្តហោះគ្មានមនុស្សបើកទៅលើគោលដៅសំខាន់ៗក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលជាមូលដ្ឋានរបស់ក្រុមជីវពល Kata’ib Hezbollah គំាទ្រដោយប្រទេសអ៊ីរ៉ង់ សម្លាប់ក្រុមជីវពល និងរបួសជាច្រើននាក់ ។
ក្រសួងការពារជាតិអាមេរិកបានចេញថ្លែងការណ៍មួយបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ កងកម្លាំងអាមេរិកបានវាយប្រហារតាមអាកាស ដោយប្រើយន្តហោះគ្មានមនុស្សបើក ទៅលើគោលដៅ៥កន្លែង របស់ក្រុមជីវពល Kata’ib Hezbollah នៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ ក្នុងនោះមានទីតាំងឃ្លាំងគ្រាប់, ទីតាំងបញ្ជាការ និងមូលដ្ឋានគ្រប់គ្រងផងដែរ ។
ប្រភពព័ត៌មានពីកងកម្លាំងចល័តប្រជាប្រិយអ៊ីរ៉ាក់ (IPMF) ឬដែលគេស្គាល់ថា ជា Hashd al-Shaabi នោះ បានប្រកាសនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ថា ការវាយប្រហាររបស់អាមេរិកបានបណ្តាលឲ្យខាងក្រុមជីវពល Kata’ib Hezbollah ស្លាប់យ៉ាងតិច២៥នាក់ និង៥១នាក់រងរបួស ។
មន្ទីរបង់តាហ្គោនបានបញ្ជាក់ថា វាយប្រហារទាំងនេះជាការសងសឹកដែលក្រុមនេះ អំឡុងពេលថ្មីៗ បានវាយប្រហារទៅលើមូលដ្ឋានអាមេរិកនៅជិតទីក្រុង Kirkuk ភាគខាងជើងរបស់ប្រទេសអ៊ីរ៉ាក់ គឺបន្ទាយ K1 នោះ បណ្តាលឲ្យស្លាប់បុគ្គលិកជាប់កិច្ចសន្យាស៊ីវិលអាមេរិកម្នាក់ និងកងកម្លាំងជាច្រើននាក់បានរងរបួស ។ ការវាយប្រហាររបស់ក្រុមជីវពលនោះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។
មែនទែនទៅ អាមេរិកជាអ្នកចោទប្រកាន់ទៅលើក្រុមជីវពលដែលអ៊ីរ៉ង់ជាអ្នកឧបត្ថម្ភគាំទ្រនោះថា ជាអ្នកវាយប្រហារទៅលើបន្ទាយយោធាអាមេរិក K1 នៅខាងក្រៅទីក្រុង Kirkukនោះតែប៉ុណ្ណោះ ។ មកទាល់ពេលនេះ មិនមានក្រុមជីវពលណាមួយអះអាងទទួលស្គាល់ការវាយប្រហារកាលពីថ្ងៃទី២៨ ខែធ្នូ នៅឡើយទេ ។
គួររំលឹកថា ក្រុម Kata’ib Hezbollahនេះ ជាក្រុមកម្លាំងឈុតបារ៉ា ដែលមានមនោគមន៍វិជ្ជាសាសនាអិស្លាមនិកាយ ស៊ីអីត យ៉ាងគ្រពុលមុខ ។ ក្រុមនេះត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ២០០៧ ធ្វើសកម្មភាពក្រោមដំបូលឆត្រ Hashd al-Shaabi ។ ទីក្រុងវ៉ាស៊ីនតោនបានចាត់ក្រុម Kata’ib Hezbollahនេះថា ជាក្រុមភេរវកម្ម ។
ដោយឡែកនៅក្នុងប្រទេស យេមែនវិញ អ្នកពាក្យយេមែន បានថ្លែងថា កាលពីថ្ងៃទី២៩ ខែធ្នូ មានការវាយប្រហារដោយមីស៊ីលបាលីស្ទិក ទៅលើក្បួនយោធារបស់ក្រុមបំបែកខ្លួន នៅយេមែនដែលគាំទ្រ ដោយអារ៉ាប់រួម បានសម្លាប់ទាហានយ៉ាងតិច៦នាក់ និងកុមារ៣នាក់។
លោក Maged al-Shoebi អ្នកនាំពាក្យដដែល បានបញ្ជាក់ថា ការវាយប្រហារនេះ បានកើតឡើង ខណៈក្រុមបំបែកខ្លួន ដែលគេស្គាល់ថា ជាកងកម្លាំងតស៊ូ កំពុងបញ្ចប់ការត្រួតពិនិត្យកងកម្លាំងរបស់ខ្លួន នៅលើទីលានបាល់ទាត់ នៅក្នុងទីប្រជុំជន នៃខេត្ត Dhale។ ក្រុមបំបែកខ្លួន ភាគត្បូង មានទំនាក់ទំនងជាមួយនឹងក្រុមសម្ពន្ធមិត្ត ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលកំពុងតែប្រយុទ្ធជាមួយនឹងក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេមែន ដែលគាំទ្រដោយអ៊ីរ៉ង់។ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រុមបំបែកខ្លួន ដែលគាំទ្រដោយប្រទេសអារ៉ាប់រួម បានធ្វើការជាមួយនឹងរដ្ឋាភិបាលយេមែន ដែលគាំទ្រដោយអន្ដរជាតិ។
អ្នកនាំពាក្យដដែល បានបន្ដថា ក្រៅពីចំនួនអ្នកស្លាប់ចំនួន៩នាក់នោះ ក៏មានមនុស្សជាង២០នាក់ផ្សេងទៀតរងរបួស ដោយរួមទាំងជនស៊ីវិលផងដែរ។ ករណីវាយប្រហារនេះ ត្រូវបានគេស្ដីបន្ទោសទៅលើក្រុមឧទ្ទាមហ៊ូធី ( Houthis)។ ក្រុមឧទ្ទាមហ៊ូធី តែងតែព្យាយាមដណ្ដើមកាន់កាប់ខេត្ត Dhale ពីក្រុមផ្ដាច់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្ដែពួកគេមិនអាចវាយដណ្ដើមបាន។
ការវាយប្រយុទ្ធគ្នា នៅក្នុងប្រទេសយេមែន បានចាប់ផ្ដើមឡើង កាលពីឆ្នាំ២០១៤ ក្រោយពេលក្រុមឧទ្ទាម Houthi បានវាយដណ្ដើមកាន់កាប់រដ្ឋធានី Sanaa ហើយបណ្ដេញរដ្ឋាភិបាលរបស់លោក Abed Rabbo Mansour Hadi ចេញពីតំណែង។ នៅពេលនោះ លោកប្រធានាធិបតី បានរត់ភៀសខ្លួន ទៅកាន់តំបន់ភាគខាងត្បូង និងបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ បន្ទាប់មក ក្រុមសម្ពន្ធមិត្តអារ៉ាប់ ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានចូលធ្វើអន្ដរាគមន៍យោធា នៅក្នុងប្រទេសយេមែន នៅក្នុងឆ្នាំ២០១៥ ទើបឲ្យសង្រ្គាមនេះផ្ទុះឡើង។
នៅក្នុងការវាយប្រយុទ្ធគ្នា ក្នុងប្រទេសដ៏ក្រីក្ររបស់ពិភពអារ៉ាប់មួយនេះ (យេមែន) បានសម្លាប់មនុស្ស អស់ជាង១សែននាក់ ហើយបានបន្សល់ឲ្យមនុស្សរាប់លាននាក់ កំពុងរងទុកពីកង្វះខាតស្បៀងអាហារ និងថ្នាំពេទ្យ៕