ព័ត៌មានទាន់ហេតុការណ៍៖

ពួកម៉ាក២នាក់ជុំគ្នាផឹកស្រាថ្នាំអស់២លីត្រ ទាស់សម្តីគ្នាស្ទុះវាយមួយដៃប្តឹងនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ បុរស២នាក់ដែលជាមិត្តភក្តិនឹងគ្នា ខណៈទំនេរក៏នាំគ្នាអង្គុយផឹកស្រាថ្នាំជជែកគ្នាលេងអស់ចំនួន២លីត្រ ស្រាប់តែទាស់ពាក្រសម្តីគ្នារហូតឈានទៅដល់ប្រើហិង្សាស្ទុះវាយមួយដៃប៉ោងមុខងើបដើរទៅផ្ទះ មិត្តភក្តិស្ទុះវឹង មិនបានវ៉ៃតបតទេ តែរត់ទៅប្តឹងប៉ូលិស ចុះទៅឃាត់ខ្លួន រកឃើញដែកឆាបកែច្នៃ ដូចប៊ិចចំនួន២ដើម នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ កាលពីព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនជាប់ចោទក្នុងករណីហិង្សា និងរក្សាទុកអាវុធ (ដែកឆាប) ខាងលើមានឈ្មោះ ណាវ ថា ភេទប្រុស អយុ ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ មឿន វីត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងកាមេរ៉ា ស្នាក់នៅភូមិត្រពាំងថ្លឹង៣ ក្បែរខាងគ្នា ។

តាមសម្តីភាគីចុងចោទនាព្រឹកថ្ងៃទី៣០ ខែធ្នូ បានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ខ្លួនរួមជាមួយ ភាគីដើមបណ្តឹង ដែលជាមិត្តភក្តិស្គាល់គ្នា រួមជាមួយអ្នកជិតខាង ជួបជុំគ្នាផឹកស៊ីស្រាថ្នាំ ចំនួន២លីត្រ ផឹកបណ្តើរនិយាយជជែកលេងបណ្តើរ គងពាក្យសម្តីគ្នា ទ្រាំមិនបានវាយមួយដៃ លើមុខជនរងគ្រោះ ហើយងើបដើរចេញទៅផ្ទះ រហូតដល់ព្រលប់ថ្ងៃដដែល ស្រាប់តែប៉ូលិសចុះទៅឃាត់ខ្លួនតែម្តង បន្ទាប់ពីជនរងគ្រោះងើបទៅប្តឹងប៉ូលិស ។ ចំពោះដែកឆាបកែច្នៃ២ដើមខាងលើ ពិតជានៅក្នុងហោប៉ាវខោរបស់ខ្លួនពិតមែន ។

ជនសង្ស័យក្នុងករណីខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ កសាងសំណុំរឿង បញ្ជូនមកផ្នែកជំនាញខណ្ឌ ពាក់ព័ន្ធហិង្សា និងរក្សាទុកអាវុធខុសច្បាប់(ដែកឆាប) ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖