ជប៉ុនគឺជាប្រទេសដែលប្រឈមនឹងគ្រោះធម្មជាតិច្រើនជាងគេបំផុត លើពិភពលោក ពិសេសគឺគ្រោះរញ្ជួយដី ខ្យល់ព្យុះ ។ នៅក្នុងសារ ជូនពរដល់ប្រជាជនរបស់ខ្លួនព្រះចៅអធិរាជថ្មីជប៉ុនសង្ឃឹមថា នៅក្នុងឆ្នាំ២០២០នេះ ជាឆ្នាំល្អ មិនមានគ្រោះធម្មជាតិ កើតឡើងច្រើននោះឡើយ ។
ព្រះចៅអធិរាជថ្មីរបស់ប្រទេសជប៉ុន Naruhito បានមានព្រះរាជបន្ទូល នៅថ្ងៃទី២ ខែមករា ថា ទ្រង់សង្ឃឹមថា នៅក្នុងឆ្នាំថ្មីនេះនាំមកនូវសំណាងល្អ និងមិនមានគ្រោះធម្មជាតិណាមួយកើតឡើងឡើយ ។ ព្រះអង្គមានព្រះរាជបន្ទូលទៅកាន់ប្រជាពលរដ្ឋរបស់ទ្រង់ថា ទ្រង់សូមបួងសួង សុំឲ្យឆ្នាំនេះ គេចផុតពីគ្រោះធម្មជាតិ ។ ទ្រង់តែងតែមានការព្រួយបារម្ភ អំពីសេចក្ដីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រោះថា គ្រោះធម្មជាតិព្យុះ និងទឹកជំនន់ នាពេលកន្លងមក បានសម្លាប់ប្រជាពលរដ្ឋជប៉ុន និងបំផ្លាញទ្រព្យសម្បត្ដិ អស់យ៉ាងច្រើនឥតគណនា ។
ព្រះចៅអធិរាជព្រះជន្ម៥៩ព្រះវស្សា បានមានព្រះរាជបន្ទូល ដោយមានព្រះទ័យយ៉ាងមុតមាំថា ទ្រង់សង្ឃឹមថា ឆ្នាំថ្មីនេះ ជាឆ្នាំល្អ និងមានសន្ដិភាព ហើយក៏មិនមានគ្រោះធម្មជាតិណាមួយ កើតឡើងនោះដែរ ។
ប្រទេសជប៉ុន តែងតែរងគ្រោះធម្មជាតិធ្ងន់ធ្ងរជាញឹកញាប់ ដូចជាការរញ្ជួយដី ខ្យល់ព្យុះ និងគ្រោះទឹកជំនន់ ។ កាលពីឆ្នាំកន្លងមក គ្រោះធម្មជាតិទាំងនេះ បានសម្លាប់ប្រជាពលរដ្ឋជប៉ុនអស់ជាច្រើននាក់ ហើយបានបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ អស់យ៉ាងច្រើនឥតគណនា ។ រីឯរដ្ឋាភិបាលជប៉ុន ក៏ត្រូវចំណាយថវិកាជាតិ អស់រាប់សិបពាន់លានដុល្លារ សម្រាប់ការស្ដារហេដ្ឋរចនាសម្ព័ន្ធ ដែលរងគ្រោះការខូចខាតពីគ្រោះធម្មជាតិនេះផងដែរ៕