អាមេរិកបានបង្កើនសន្តិសុខការពារនៅតាមទីតាំងសំខាន់ៗ ទាំងក្នុង និងក្រៅប្រទេស ខ្លាចអ៊ីរ៉ង់វាយប្រហារសងសឹកទៅលើពលរដ្ឋអាមេរិក ។ នៅពេលនេះដែរ ពលរដ្ឋអាមេរិករាប់សិបនាក់ ដែលកំពុងធ្វើការនៅតាមក្រុមហ៊ុនប្រេង ក្នុងទីក្រុង Basra ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ បានចាប់ផ្ដើម ចាកចេញជាបណ្ដើរៗហើយ នៅថ្ងៃទី៣ ខែមករា បន្ទាប់ពីមេទ័ពកំពូលអ៊ីរ៉ង់ លោក Qasem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក។
កាលពីថ្ងៃទី៣ ខែមករា ពោលប៉ុន្មានម៉ោងក្រោយ លោក Qasem Soleimani និងមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ លោក Abu Mahdi al-Muhandis ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដោយយន្ដហោះដ្រូនអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងបាកដាដ ក្រសួងការបរទេសអាមេរិកបានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីរ៉ាក់ជាបន្ទាន់ ដើម្បីសុវត្ថិភាព បន្ទាប់ពីអ៊ីរ៉ង់ព្រមានថានឹងចាត់វិធានការ សងសឹកនឹងទីក្រុងវ៉ាស៊ីនតោនវិញ។
តែយ៉ាងណាក៏ដោយ ក្រុមមន្ត្រីអ៊ីរ៉ាក់ បាននិយាយថាការចាកចេញរបស់កម្មករប្រេងជាពលរដ្ឋអាមេរិក នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការផលិត ឬការនាំចេញប្រេងនោះទេ ស្របពេលអ៊ីរ៉ាក់គឺជាប្រទេសផលិតប្រេងធំជាងគេលេខ២ នៅក្នុងអង្គការ OPEC ជាមួយទិន្នផលប្រេង ៤.៦២លាន បារែលក្នុងមួយថ្ងៃ។
គួរជម្រាបថា បើតាមមន្ត្រីអ៊ីរ៉ាក់ ពលរដ្ឋអាមេរិកមួយចំនួន បានធ្វើដំណើរចាកចេញពីប្រទេសអ៊ីរ៉ាក់ ទៅកាន់ទីក្រុងឌូបៃ តាមជើងហោះហើរ ក្រុមហ៊ុន FlyDubai និងមួយចំនួនទៀត កំពុងរង់ចាំជើងហោះហើររបស់ក្រុមហ៊ុន Qatar Airways៕