ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមសង្រ្គោះនៅតែបន្តស្វះស្វែងរកជនរងគ្រោះក្នុងគំនរបាក់បែកខណៈ រកឃើញជនរងគ្រោះ២៥នាក់ក្នុងនោះស្លាប់៧នាក់នៅក្រុងកែប

ចែករំលែក៖

ខេត្តកែប៖ ក្រុមសង្រ្គោះនៅតែបន្តស្វះស្វែងរកជនរងគ្រោះក្នុងគំនរបាក់បែកនៃរលំបាក់អគារកម្ពស់៦ជាន់នៅត្រង់ចំណុចជិតវត្តសមាធិ ស្ថិតក្រុងកែប ខេត្តកែបដែលបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង៣០នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ហើយ រហូតដល់ម៉ោង៥នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារម្ពស់៦ជាន់ រលំបាក់ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ និងអ្នកនៅរស់រានមានជីវិតរបួសធ្ងនស្រាល១៨នាក់ប៉ុណ្ណោះ។

ឧបទ្ទហេតុដែលស្មានមិនដល់នេះបានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការរន្ធត់និងខ្លោចចិត្ត ហើយសម្តេចតេជោក៏បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ពេញមួយយប់ជាមួយក្រុមសង្រ្គោះរាប់រយនាក់ដើម្បី ជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។

នេះជាការរលំបាក់អគារគ្មានគុណភាពជាលើកទី២ បន្ទាប់ពីកាលពីខែមិថុនា ឆ្នាំ២០១៩ នៅក្រុងព្រះសីហនុមានឧបទ្ទវហេតុបែបនេះដែរបណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់ ។

ចំពោះករណីទី២នេះវិញគេដឹងងថាក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។ អគារនេះ ជាកម្មសិទ្ធិរបស់លោកឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចខាត់ខ្លួនបន្ទាប់ពី បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ហើយត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយបានបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានជាច្រើនផងដែរ នាំគ្នាសម្រុកកកាយកម្ទេច ដុំថ្មធំៗ ជាមួយគ្រឿងចក្រចំនួន៨គ្រឿង ។

ប្រភពពីក្រុងកែបបានឲ្យដឹងថា ការរលំបាក់អគារកម្ពស់៧ជាន់នេះ គេរកឃើញកំហុសសាងសង់ខុសបច្ចេកទេសតាំងពីថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​មកម្ល៉េះ តែ​លោក​ វ៉ៅ​ សុខា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប មិនព្រមចេញលិខិតផ្អាក​ ឬ​ បញ្ឈប់​ការសាងសង់នោះទេ​ ហើយនៅតែបន្តឲ្យគេសាងសង់​ ដែលគឺ​ជាកំហុសដ៏ធ្ងន់ធ្ងររបស់​លោក​ វ៉ៅ​ សុខា​នេះតែម្តង​ ។ ការបិទភ្នែកឲ្យបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះ​ត្រូវ​បាន​គេសង្ស័យ​ថាអាច​ជាប់​ពាក់ព័ន្ធ​នឹងអំពើពុករលួយ​ របស់មន្រ្តីសាលាខេត្តកែបនេះតែម្តង ។

យ៉ាងណាបន្ទាប់ពីចំណាយពេលវេលាអស់ពេញមួយយប់ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅកាន់ទីតាំងអគារបាក់រលំ នៅខេត្តកែបជាថ្មីម្តងទៀត ដើម្បីបន្តដឹកនាំបញ្ជារុករកជនរងគ្រោះ ដែលកំពុងបាត់ខ្លួនកប់នៅក្នុងគំនរអគារនេះសម្រាប់ថ្ងៃទី២បន្តទៀត ។

បើតាមរបាយការណ៍រដ្ឋបាលខេត្តកែប បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់ ៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន ២៥នាក់ហើយ ក្នុងនោះមានជនរងគ្រោះ ៧នាក់បានស្លាប់ និងអ្នកនៅរស់រានមានជីវិត ១៨នាក់។

ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចុះទៅធ្វើអន្តរាគមន៍និងបញ្ជាផ្ទាល់ ដើម្បីជួយសង្រ្គោះជនរងគ្រោះជាជ្រើននាក់ សម្តេចតេជោបានប្រកាសឧបត្ថម្ភថវិកាភ្លាមៗ ដល់ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា១ម៉ឺនដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន បានប្រើថវិការបស់រដ្ឋ និងថវិកាសប្បុរសជនដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារអ្នកស្លាប់ និងអ្នករងរបួស ហើយចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេច យកថវិកាទាំងនេះ ទៅប្រគល់ជូនដល់ផ្ទះគ្រួសារសពតែម្ដង។

ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភដល់ជនរងគ្រោះ ដោយករណីរលំបាក់អគារនៅខេត្តកែបដែលមានឈ្មោះដូចខាងក្រោម

ទី១៖ ឧកញ៉ា ហ៊ុន តូ និងដៃគូ ចំនួន៥២ម៉ឺនដុល្លារ

ទី២៖ ឧកញ៉ា គិត ម៉េង ចំនួន១០ម៉ឺនដុល្លារ

ទី៣៖ លោក ហែម សារឿង ចំនួន២ម៉ឺនដុល្លារ

ទី៤៖ ក្រុមហ៊ុន ជីប ម៉ុង ចំនួន១០ម៉ឺនដុល្លារ

ទី៥៖ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ចំនួន២ម៉ឺនដុល្លារ,

ទី៦៖ ក្រុមហ៊ុនឌែលខម ចំនួន ២០ម៉ឺនដុល្លារ

ទី៧៖ ក្រុមហ៊ុនសេសាន ចំនួន ១០ម៉ឺនដុល្លារ

ទី៨៖ ឧកញ៉ា ទ្រី ភាព ចំនួន ១០ម៉ឺនដុល្លារ

ទី៩៖ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ចំនួន១០ម៉ឺនដុល្លារ

ទី១០៖ ឯកឧត្តម ប៉ុល សារឿន ចំនួន១ម៉ឺនដុល្លារ

ទី១១៖ ឯកឧត្តម ស៊ុន ចាន់ថុល ចំនួន១ម៉ឺនដុល្លារ

ទី១២៖ ឧកញ៉ា វិញ ហ៊ួរ ចំនួន ៥ម៉ឺនដុល្លារ

ទី១៣៖ ឯកឧត្តម លឹម គានហោ ចំនួន២ម៉ឺនដុល្លារ

ទី១៤៖ ឧកញ៉ា ថោង សារ៉ាត់ ចំនួន៥ម៉ឺន

ទី១៥៖ កញ្ញា ស្រ៊ាង ស្រីមុំ ចំនួន ១ពាន់ដុល្លារ

ទី១៦៖ អង្គភាពរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ ចំនួន១ម៉ឺនដុល្លារ

ទី១៧៖ មូលនិធិបរិស្ថាន ចំនួន៣ម៉ឺនដុល្លារសរុបរួម៖ ១,៤៤១,០០០ដុល្លារ និងនៅមានសប្បុរជនមួយចំនួនទៀតកំពុងបន្តជួយឧបត្ថម្ភជាបន្តទៀតផងដែរ។

នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរងគ្រោះ ទាំងអ្នករបួស និងគ្រួសារអ្នកដែលបានស្លាប់ ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ ៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ ១០០០០ដុល្លារ។ សម្រាប់អ្នកស្លាប់សាកសពមួយថវិកាចំនួន ២០០លានរៀលស្មើនឹង ៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលសម្រាប់បុណ្យសពនិមួយៗ។ ថវិការដ្ឋ និងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោក សេង ទៀង នឹងយកថវិកាទៅដល់ផ្ទះនៃគ្រួសារសព»។

សូមញ្ជាក់ថា គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី៤មករា ឆ្នាំ២០២០ ក្រៅពីជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ អ្នកស្លាប់៧នាក់ អ្នករងរបួសធ្ងន់ស្រាល១៨នាក់ដែលកំពុងការងារសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យនោះ សមត្ថកិច្ចចម្រុះរួមជាមួយប្រជាពលរដ្ឋច្រើននាក់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សរសៃដែករុករកជនរងគ្រោះបន្តទៀតនៅឡើយ ។

ក្នុងហេតុការណ៍គួរឲ្យរន្ធត់នេះដែរស្ថានទូតអាមេរិក និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានចេញសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះដោយស្ថានទូតអាមេរិក បានថ្លែងសារបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានទូតអាមេរិក មានសេចក្តីក្រៀមក្រំ ដោយបានទទួលដំណឹងស្តីពីការបាក់រលំអាគារ នៅថ្ងៃនេះ នៅក្រុងឆ្នេរសមុទ្រកែប។ យើងសូមបួងសួងដល់គ្រួសារជនរងគ្រោះ និងអ្នកដទៃទៀតដែលទទួលរង ហើយយើងសូមសំដែងការគាំទ្រទាំងស្រុង ចំពោះការខិតខំជួយសង្រោះ ដែលកំពុងបន្ត»។

ចំណែកស្ថានទូតអូស្ត្រាលី បានថ្លែងសារបញ្ជាក់ផងដែរថា៖ «ស្ថានទូតអូស្រ្តាលី សូមចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ដោយសារការបាក់រលំអគារនៅខេត្តកែប។ យើងខ្ញុំសូមអធិស្ឋាន ដល់ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះផងដែរ។ ពួកយើងនៅតែប្តេជ្ញាធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីកែលម្អស្តង់ដារសុវត្ថិភាពសំណង់»៕ ប្រាថ្នា


ចែករំលែក៖