អាមេរិកកាន់តែធ្វើឲ្យអ៊ីរ៉ង់ដើរដល់ផ្លូវទល់ហើយ ដោយពេលនេះសហរដ្ឋអាមេរិកច្រានចោលការផ្តល់ទិដ្ឋាការដល់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ដែលនឹងត្រូវចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ក្នុងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ នោះឡើយ ។
យោងតាមប្រភពរ៉យទ័រនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមន្ត្រីអាមេរិកបានបញ្ជាក់ថា វាបានកើតឡើងក្រោយពីភាពតានតឹងរវាងប្រទេសទាំងពីរបានកើតឡើង ក្រោយអាមេរិកសម្លាប់មេបញ្ជាការកងជីវពលដ៏ល្បីល្បាញ់របស់អ៊ីរ៉ង់ Qassem Soleimani នៅទីក្រុងបាដាដ កាលពីថ្ងៃទី៣ ខែមករា កន្លងនោះ ។
ស្ថិតក្រោមច្បាប់ឆ្នាំ១៩៤៧ របស់អង្គការសហប្រជាជាតិ អាមេរិក ជាទូទៅតម្រូវឲ្យអនុញ្ញាតដល់អ្នកការទូតបរទេសទាំងអស់របស់អង្គការសហប្រជាជាតិ ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនថា ខ្លួនអាចបដិសេធផ្តល់ទិដ្ឋាការក្រោមហេតុផល«សន្តិសុខ, ភេរវកម្ម និងនយោបាយការបរទេស» ។ ក្រសួងការបរទេសអាមេរិក ក៏ដូចអ្នកនាំពាក្យអង្គការសហប្រជាជាតិច្រានចោលការធ្វើអត្ថាធិប្បាយជុំវិញរឿងមួយនេះ ។
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ មានគោលបំនងទៅចូលរួមប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាឱកាសដ៏សំខាន់ ។ គម្រោងធ្វើដំណើរនោះកើតមានឡើងមុនពេលទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ឆេះដុំគ្នា ។ កិច្ចប្រជុំក្រុមប្រឹក្សានេះ អាចឲ្យលោក Zarif ឡើងថ្លែងរិះគន់ក្នុងវេទិកាអន្តរជាតិថ្កោលទោសអាមេរិកដែលបានសម្លាប់ឧត្តមសេនីយ៍ Soleimani៕