កន្លងមកអ៊ីស្រាអែល បានប្រើប្រាស់ប្រព័ន្ធមីស៊ីលការ Iron Dome ទប់ស្កាត់រាល់ការវាយប្រហារយ៉ាងមានប្រសិទ្ធភាព ពីក្រុមឧទ្ទាមនៅកាហ្សា ។ ប៉ុន្តែនៅពេលវាយប្រហារ ព្រមគ្នាក្នុងពេលតែមួយដូចពេលកន្លងមក មីស៊ីលការពារអ៊ីស្រាអែល មិនអាចទប់ស្កាត់បានទាំងអស់នោះឡើយ។
ចំណុចទាំងនោះ បានជាអ៊ីស្រាអែលត្រៀមដាក់ប្រព័ន្ធការពារដែនអាកាសថ្មី ទំនើបបំផុត នៅពេលដ៏ខ្លីខាងមុខ ដើម្បីទប់ស្កាត់រាល់ការវាយប្រហារ ពីសត្រូវ ពិសេសគឺអ៊ីរ៉ង់ ក្នុងពេលដែល កំពុងប្រឈមមុខតានតឹងដាក់គ្នា ជាមួយអាមេរិក។ប្រព័ន្ធការពារថ្មីរបស់អ៊ីស្រាអែល គឺ ឡាស៊ែរការពារដែនអាកាស ហើយពេលនេះប្រព័ន្ធដ៏ទំនើបនោះកំពុងតែសាកល្បង។
ប្រព័ន្ធ អាវុធឡាស៊ែររបស់រដ្ឋាភិបាលទីក្រុង Tel Aviv ដែលបានបង្ហាញជាសាធារណៈកាលពីថ្ងៃទី ៩ខែមករា។ ប្រព័ន្ធឡាស៊ែរ អាចទប់ស្កាត់ព្យុះមីស៊ីលដែលវាយប្រហារចេញពីកាហ្សា និងយន្តហោះគ្មានមនុស្សបើក ។
ប្រព័ន្ធឡាស៊ែរវាយស្ទាក់ (គ្រាប់ឡាស៊ែរ) អរូប និងមានស្នូរសំឡេង មានតម្លៃ ប្រមាណ៣,៥ដុល្លារ ក្នុងមួយគ្រាប់ ។ ចំណែកប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អ៊ីស្រាអែលបច្ចុប្បន្ន IRON DOME មានតម្លៃដល់ទៅ៤៩ពាន់ដុល្លារ ក្នុងមួយគ្រាប់ និងបង្កឲ្យមានសំឡេងខ្លាំងពេញបាញ់។
សារព័ត៌មាន Sputnik បានដកស្រង់សម្តី ប្រធានកម្មវិធីអភិវឌ្ឍន៍សព្វាវុធអ៊ីស្រាអែល បានបញ្ជាក់ថា«យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃ សង្គ្រាមថាមពល លើអាកាស លើដី និងដែនសមុទ្រ។ ការខិតខំរបស់ក្រសួងការពារជាតិអ៊ីស្រាអែល បានជួយដល់ប្រទេសនេះនាំមុខនៅក្នុងការប្រើប្រាស់ អាវុធថាមពល(ឡាស៊ែរ)លើពិភពលោក យ៉ាងមានប្រសិទ្ធិភាព»។
ក្រសួងការពារជាតិអ៊ីស្រាអែលបានស្រាវជ្រាវ និងផលិតអាវុធឡាស៊ែរ ជាច្រើនឆ្នាំកន្លងមក ។ ពេលនេះអ៊ីស្រាអែល ទទួលបានជោគជ័យ នៅក្នុង ការប្រើប្រាស់ឡាស៊ែរ ថាមពលអគ្គិសនី ជំនួស ឡាស៊ែរប្រើសារធាតុគីមី ដែលបាញ់ចេញទៅមើលឃើញពន្លឺ។ ឡាស៊ែរអគ្គិសនី (អរូប) យើងមិនអាចមើលឃើញការបាញ់ចេញនោះឡើយ។ លើសពីនេះទៅទៀតអាវុធឡាស៊ែរថ្មីអាច វាយប្រហារនៅគ្រប់ស្ថានភាពអាកាសធាតុ។
គម្រោងខាងលើរបស់អ៊ីស្រាអែល ដើម្បីទប់ទល់រាល់ការវាយប្រហារ ពីសត្រូវ ពិសេស ក្នុងពេលដែលកំពុងតានតឹងជាមួយអ៊ីរ៉ង់ ។ ប្រសិនបើអ៊ីរ៉ង់ មានសង្គ្រាម អ៊ីស្រាអែលនឹងរងការវាយប្រហារពីអ៊ីរ៉ង់មុនគេបង្អស់៕