ភ្នំពេញ ៖ ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោករស់ សុភក្តិ អភិបាលរងខណ្ឌបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ ចុះប្រមូលសំរាមនៅគ្រប់ទីតាំងទាំងអស់ដែល ប្រជាពលរដ្ឋយកសំរាមមកចាក់គរទុក ។
លោក រស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌ បានអោយដឹងថាបការងារនេះអាជ្ញាធរខណ្ឌ បន្តចុះធ្វើជាប្រចាំ អោយដូចភ្លៀងរលឹមមិនថាថ្ងៃឬយប់នោះទេ តួយ៉ាងដូចពេលនេះអ៊ីចឹង ពិសេសនាថ្ងៃចុងសប្ដាហ៍ គឺកម្លាំងសណ្តាប់ខណ្ឌ ចុះប្រមូលសំរាមមិនមានកកស្ទះនោះឡើយ ។
ជាមួយគ្នានេះលោកអភិបាលរងខណ្ឌ ក៏បានអំពាវនាវដោយសំណូមពរទៅដល់បងប្អូនប្រជាជនទូទៅនិងបងប្អូនអាជីវករសូមមេត្តាវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវនិងចូលរួមបោសសម្អាតធ្វើអនាម័យ បរិស្ថានដើម្បីទីក្រុងយើងអោយកាន់តែល្អប្រសើរមានផាសុខភាពផងដែរពោលគឺទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៩ ខែមករា នេះ កម្មករស៊ីនទ្រី រួមមានអ្នកបើកបររថយន្តដឹកសំរាម និងកម្មករ បានធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាម ដែលធ្វើអោយមានការអាក់ខានក្នុងការប្រមូលសំរាម ។
គួររំលឹកដែរថាបញ្ហាកកស្ទះក្នុងកាប្រមូលសំរាមនេះ ខាងក្រុមហ៊ុនស៉ីនទ្រីបានចេញសេចក្តីជូនដំណឹងដែលមានខ្លឹមសារដូច្នេះថា សូមជំរាបជូនដំណឹងដល់ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញមេត្តាជ្រាបថា ក្រុមហ៊ុនបានរៀបចំបើកប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់ មិនទាន់កាលកំណត់(ដោយជាប់ធ្វើប្រាក់បៀរវត្យខែធ្នូ ) ទើបបណ្តាលអោយ យប់នេះ អ្នកបើកបរកម្មករបានធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាម ដែលធ្វើអោយមានការអាក់ខានក្នុងការប្រមូលសំរាម។ ចំពោះការទាមទារនេះ ក្រុមហ៊ុនកំពុងដោះស្រាយដើម្បីបើកជូនអ្នកបើកបរកម្មករអោយទាន់ពេលកំណត់។ អាស្រ័យដូចបានជំរាបជូនខាងលើ សូម ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាអធ្យាស្រ័យ ដោយក្តីអនុគ្រោះ ៕ សណ្តោស