ព័ត៌មានទាន់ហេតុការណ៍៖

ហ្គេមបាញ់ក្នុងផ្សារទំនើប WB ARENA នៅមុខសង្កាត់ចាក់អង្រែក្រោមបើកលេងបានយ៉ាងរលូនអាជ្ញាធរខណ្ឌមានជ័យមិនហ៊ានបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឲ្យទប់ស្កាត់ និងបង្ក្រាបបទល្មើសលួចលាក់បង្កប់ល្បែងស៊ីសងតាមប្រព័ន្ធOnline អេឡិចត្រូនិច ដើម្បីធានាបាននូវសុវត្តិភាពជូនពលរដ្ឋ តែអាជ្ញាធរពាក់ព័ន្ធមួយចំនួននៅមិនទាន់អនុវត្តន៍បាននៅឡើយទេ បែជាបណ្ដែតបណ្ដោយឲ្យមានទីតាំងបង្កប់ល្បែងស៊ីសងទាំងនេះ កើតមានជាច្រើនកន្លែងបន្ថែមទៀត ហាក់ដូចជាផ្គើនបទបញ្ជារបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រីទៅវិញ ។

ជាក់ស្ដែងទីតាំងបើកបង្កប់ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងផ្សារទំនើបដែលមានស្លាកយីហោ ពិភពកំសាន្ដ ដា ហ្វូ ហាវ នៅប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោមជាប់បណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កំពុងបើកដំណើរការបានយ៉ាងរលូនទទួលអ្នកញៀនល្បែង និងក្មេងសិស្សសាលាជាច្រើន គេចពីការរៀនសូត្រ និងកើតជាបទល្មើសទៀតផង តែអាជ្ញាធរមូលដ្ឋាននៅសម្ងំស្ងាត់ឈឹងទៅវិញ ។

ប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា ទីតាំងនេះមានម្ចាស់ជាជនជាតិចិន និងមានមេការជាខ្មែរ ថែមទាំងមានអាជ្ញាប័ណ្ណបើកអាជីវកម្មទៀតផង ។

ពលរដ្ឋកំពុងរង់ចាំមើលលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ តើហ៊ានបង្ក្រាបទីតាំងនេះបានដែរឬទេ ។

គួររំលឹកថា លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានការរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។

ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឲ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖