ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសម្នាក់ ដែលជាជាងដំឡើងម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុនយីហោ ជេវ៉ាយអេស៊ី បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្ដឹងប្តឹងពីបទរំលោភទំនុកចិត្ត យកមកសាកសួររហូតបញ្ចប់នីតិវិធី រួចបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។
មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃិន ឆាយ ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនពាក់ព័ន្ធករណី រំលោភទំនុកចិត្ត កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៧ និង១០នាទី នៅចំណុចក្រុមហ៊ុន ជេវ៉ាយអេស៊ី ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីរូបគេ ត្រូវបានម្ចាស់ក្រុមហ៊ុនដាក់ពាក្យបណ្តឹង ។
ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យខាងលើ បានសារភាពឲ្យដឹងថា រូបគេបានចូលមកបម្រើការងារ នៅក្រុមហ៊ុន ជេវ៉ាយអេស៊ី កាលអំឡុងឆ្នាំ២០១៣ ដោយមានតួនាទីជាអ្នកគ្រប់គ្រងជាងម៉ាស៊ីនត្រជាក់ និងទទួលបានប្រាក់ខែ ៤០០ដុល្លារអាមេរិក ក្នុង១ខែ។ រហូតដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ រូបគេបានទៅដំឡើងម៉ាស៊ីនត្រជាក់ជូនអតិថិជនជាបន្តបន្ទាប់រហូត តែរូបគេពុំដែលប្រគល់ប្រាក់ឲ្យក្រុមហ៊ុន ក្រោយពេលអតិថិជនបង់ប្រាក់ឲ្យថ្លៃដំឡើងម៉ាស៊ីនត្រជាក់ និងថ្លៃជួសជុសនោះទេ គឺរូបគេបានយកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន សរុបជាទឹកប្រាក់ ៣៣៣០ដុល្លារអាមេរិក ដោយមានការខាតបង់ច្រើន ខាងក្រុមហ៊ុន បានហៅរូបគេមកសាកសួរដឹងរឿង ក៏បានប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌ សែនសុខ មកឃាត់រូបគេតែម្តង ៕ ស រស្មី