ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់ បានស្លាប់ភ្លាមនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ក្រោយពីរថយន្តមួយគ្រឿងបើកបុកយ៉ាងពេញទំហឹង រួចគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំនុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះដែលបានស្គាល់ឈ្មោះ ចាន់ ណាភេទប្រុស អាយុ៣០ឆ្នាំ និងស្ត្រីម្នាក់ទៀតដែលជិះជាមួយអង្គុយខាងក្រោយមិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551 ឌុបក្មេងស្រី និងដឹកនំប៉័ងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ហើយបានឡើងវ៉ា ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្តហាយប្រ៊ីត មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង ។ ចំណែកអ្នកជិះម៉ូតូចំនួន២នាក់ ត្រូវកិន និងអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្ដបានគេចខ្លួនបាត់ ។
តាមប្រភពនៅកន្លែងកើតហេតុបានរិះគម់ទៅលើកងកម្លាំងនគរបាលខណ្ខមានជ័យខណៈដែលបានកំពុងតែមានការដាក់កម្លាំងល្បាតកាពារក្បូននៅតាមផ្លូវ៦០ម៉ែត្រនោះជាហូរហែ តែបែរជាបណ្តែតបណ្តោយឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវនោះបណ្តាលឲ្យស្លាប់មនុស្សប្រុសស្រី២នាក់ តែមិនចាប់បានរថយន្តដែលបង្ក ឲ្យរត់រួចទៅវិញ ។
ក្រោយកើតហេតុ រួច នគរបាលផ្នែកចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយជំនាញចរាចរណ៍ក្រុងបានវាស់វែងនៅកន្លែង រួចបានយកម៉ូតូទៅរក្បាទុកនៅចារាចរណ៍រាចធានីភ្នំពេញរង់ចាំសាច់ញាតិយកឯកសារផ្ទៀងផ្ទាត់ត្រឹមត្រូវហើយប្រគល់ឲ្យវិញ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ភារ៉ា ដង្កោ