សន្តិសុខប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់អាមេរិក ទទួលបានការយាមកាមយ៉ាងតឹងតែងបំផុត ពីក្រុមសន្តិសុខពិសេស និងក្រុមចារកិច្ច គ្មានអ្នកណាម្នាក់អាចចូលទៅកៀកប្រធានាធិបតី បើមិនមានការអនុញ្ញាតឲ្យនោះឡើយ។ សូម្បីការធ្វើដំណើរទៅក្រៅប្រទេស អាមេរិកក៏យកក្រុម ការពាររបស់ខ្លួនទៅផងដែរ ទាំងរថយន្ត សម្រាប់ធ្វើដំណើរ។ ដូច្នេះការធ្វើឃាតប្រធានាធិបតីអាមេរិក មិនមែនជារឿងងាយស្រួលនោះឡើយ។
កន្លងមកការប្រកាស ផ្តល់រង្វាន់សម្លាប់ប្រធានាធិបតីអាមេរិក គ្រាន់តែជាការលើកឡើងរបស់មន្ត្រីអ៊ីរ៉ង់តែប៉ុណ្ណោះ មិនមែនរដ្ឋាភិបាលនោះឡើយ ។ ប៉ុន្តែក្រោយពេលប្រកាស នឹងផ្តល់រង្វាន់ជាទឹកប្រាក់៨០លានដុល្លារ ដល់អ្នកណាដែលសម្លាប់លោកត្រាំបាន ។ ការប្រកាសបែបនេះកើតឡើងក្រោយពេល លោកត្រាំបានបញ្ជាឲ្យសម្លាប់មេទ័ព ដែលមានឥទ្ធិពលលំដាប់ទីពីរ របស់អ៊ីរ៉ង់។
នៅពេលនេះបុរសជនជាតិអ៊ីរ៉ង់ ម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពេល ព្យាយាមចូលទៅកាន់ទីតាំងសម្រាកកាយរបស់លោកត្រាម។ ប៉ូលិស ទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី១០ខែមករាបានចាប់ខ្លួនជនជាតិអ៊ីរ៉ង់ ប្រដាប់ដោយអាវុធ បង្ហាញវត្តមាននៅជិតរម្មណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីដូណាល់ ត្រាំ។
ការចាប់ខ្លួនបុរសជនជាតិអ៊ីរ៉ង់ នៅលើស្ពាន Memorial Flagler មានចម្ងាយពីរមណីយដ្ឋានរបស់លោកត្រាំប្រមាណ៥គីឡូម៉ែត្រ ហើយប៉ូលិសបានរកឃើញអាវុធជាច្រើន ។ ប៉ូលិសកំពុងតែស្រាវជ្រាវ ពីចេតនាពិតប្រាកដរបស់បុរសជនជាតិអ៊ីរ៉ង់ខាងលើ ។
កន្លងមកប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានផ្សាយថា អ៊ីរ៉ង់បានប្រកាស់ផ្តល់ប្រាក់រង្វាន់៨០លានដុល្លារដល់អ្នកណាដែលបានធ្វើឃាតលោកត្រាំ។ព័ត៌មានខាងលើ គឺជាការប្រកាសរបស់អ្នកចូលរួមក្នុងពិធីបុណ្យសព មេទ័ព Soleimani មិនមែនជាការប្រកាសរបស់រដ្ឋាភិបាលអ៊ីរ៉ង់ នោះឡើយ។
កន្លងមកនៅក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Qasem Soleimani ត្រូវបានផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សន៍ ហើយរដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់៨០លានដុល្លារដល់អ្នកណា ដែលយកក្បាលលោកត្រាំបាន។ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថាប្រាក់រង្វាន់ខាងលើ គឺជាការបរិច្ចាគពីពលរដ្ឋអ៊ីរ៉ង់៨០លាននាក់។
ការប្រកាសផ្តល់រង្វាន់ខាងលើ នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត។ ឧត្តមសេនីយ៍ Esmail Qaani ដែលឡើងកាន់តំណែងជំនួសមេទ័ពដែលអាមេរិកសម្លាប់ បានប្រកាសថា នឹងបន្តសកម្មភាពបោសសម្អាតទាហានអាមេរិក ឲ្យអស់ពីតំបន់មជ្ឈិមបូព៌ា។
នៅពេលនេះដែរ អាមេរិក ក៏បានបញ្ជូនប្រព័ន្ធការពារបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារទីតាំងនានារបស់អាមេរិកឲ្យរួចផុតពីការវាយប្រហារអ៊ីរ៉ង់ ។ អាមេរិកក៏បានបញ្ជូនទាហានបន្ថែម ប្រមាណ៤ពាន់នាក់ទៅកាន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងសន្តិសុខ៕