ខេត្តកំពង់ធំ៖ ក្មេងប្រុសពីរនាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ខណៈនាំគ្នាទៅហែលទឹកស្រះលេងតែពីរនាក់ ហើយបានលង់ស្លាប់ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃ សុក្រ ១ រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅ ភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។
មន្រ្តីនគរបាលស្រុកកំពង់ស្វាយបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ង៉ែត ជឺលីង ភេទប្រុស អាយុ៩ឆ្នាំនិង ឈ្មោះ ឆាន ឈាវហុង ភេទប្រុស អាយុ៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុក្មេងប្រុស២នាក់នេះបានបបួលគ្នាទៅហែលទឹកស្រះនៅកណ្តាលភូមិ ហើយពេលចុះលេងទឹកស្រះចំកន្លែងជ្រៅធ្វើឲ្យផុតដៃ ផុតជើង បណ្តាលឲ្យលង់ស្លាប់ទាំងពីរនាក់តែម្តងទៅ ដោយគ្មានអ្នកណាឃើញទៅជួយទាន់ឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យជាក់ស្តែងនៅកន្លែងកើតហេតុរួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា