បើអ៊ីរ៉ង់មានបរមាណូនោះ គោលដៅវាយប្រហារគ្មានអ្វីក្រៅពីប្រទេសអ៊ីស្រាអែល ដូច្នេះហើយ អ៊ីស្រាអែល និងអាមេរិក បានប្តេជ្ញាទប់ស្កាត់អ៊ីរ៉ង់ផលិតបរមាណូ ។
ពេលថ្មីៗនេះ ក្រុមចារកម្មអ៊ីស្រាអែល បានវាយតម្លៃថា នៅចុងឆ្នាំ២០២០នេះអ៊ីរ៉ង់ នឹងមានសារធាតុអ៊ុយរ៉ានីញ៉មចម្រើនរួចយ៉ាងតិច៤០ គីឡូក្រាម គឺគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរមាណូ១គ្រាប់ ។
ក្រុមចារកម្មអ៊ីស្រាអែលបញ្ជាក់ថា បើទោះបីអ៊ីរ៉ង់ផលិតបានគ្រាប់បែកបរមាណូ ប៉ុន្តែប្រទេសនេះ មិនទាន់មានមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់បរមាណូនោះឡើយ ។ ដូច្នេះអ៊ីរ៉ង់ត្រូវចំណាយពេលយ៉ាងតិច២ឆ្នាំទៀតទើបអាចសម្រេចគោលដៅ មីស៊ីលបំពាក់បរម៉ាណូបាន ។
ប្រភពព័ត៌មានពីអ៊ីស្រាអែលបានឲ្យដឹងថាបច្ចុប្បន្នអ៊ីរ៉ង់ចម្រើនសារធាតុអ៊ុយរ៉ានីញ៉មនៅកម្រិត៤ភាគរយនៅឡើយទេ ។ ដល់ពាក់កណ្តាលឆ្នាំ២០២០ និងកើនឡើងដល់២០ ភាគរយ ហើយនៅចុងឆ្នាំ និងកើនឡើងដល់ទៅ៧០-៩០ភាគ អាចផលិតគ្រាប់បែកបរមាណូបាន ។ ចំណែកមីស៊លបំពាក់ក្បាល់គ្រាប់បរមាណូ គឺអ៊ីរ៉ង់ មិនទាន់មាននោះឡើយ ។ ដូច្នេះអ៊ីរ៉ង់ អាចលួចលាក់ផលិតមីស៊ីលឆ្លងទ្វីប បំពាក់ក្បាល់គ្រាប់បរមាណូ ក្នុងពេលព្រមគ្នា ទើបអាចសម្រេច ជោគជ័យនៅចុងឆ្នាំ២០២០នេះ ។
កន្លងមកប្រធានាធិបតីអាមេរិក ដូណាលត្រាំបានប្រកាសថា អ៊ីរ៉ង់ មិនអាចមានគ្រាប់បែបបរមាណូជាដាច់ខាត បើលោកនៅកាន់អំណាចនោះ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថាអ៊ីរ៉ង់ អាចនឹងបង្កើនការផលិតអាវុធបរមាណូ ដើម្បីការពារខ្លួនប្រកបដោយប្រសិទ្ធិភាពបំផុត ក្នុងពេលដែលប្រទេសនេះ កាន់តែតានតឹងជាមួយអាមេរិក ៕