ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ បានឃាត់ខ្លួនជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយធ្វើសកម្មភាពត្រួតវាយបុរសម្នាក់ជាកម្មករលាងរថយន្តបណ្ដាលឲ្យរងរបួសថ្ពាល់ខាងឆ្វេង និងរបួសដៃខាងស្ដាំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជាក់ស្តែង រកឃើញមានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនទៀតផង ។
ករណីឃាត់ខ្លួនជនបង្កហិង្សាខាងលើនេះ កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខដីឡូត៍គ្មាន ផ្លូវលេខ៣៧៤ ក្រុម៣៧ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ ស៊ឹម ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាដក (ធ្លាប់ប្រើប្រាស់គ្រឿងញៀន) ។ ចំណែកបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួន ឈ្មោះ យួន ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ និងឈ្មោះ ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។
ដោយឡែកជនរងគ្រោះឈ្មោះ ប៉ែន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងរថយន្ដ ស្នាក់នៅផ្ទះលេខ ២៧៩ ផ្លូវព្រះមុនីរ៉េត សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ( រងរបួសថ្ពាល់ខាងឆ្វេង និងរបួសដៃខាងស្ដាំ ។ ទ្រព្យសម្បត្តិខូចខាតរួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាកឌុក ពណ៌ទឹកក្រូច ស៊េរី ឆ្នាំ២០១៤ ពាក់ស្លាក់លេខ ភ្នំពេញ 1CM-7804 បែកចង្កៀត និងបាក់ស្ដុបខាងស្ដាំ និងផ្នែកខាងក្រោយបាក់កន្ទុយស្លាក់លេខ ។
វត្ថុតាងចាប់យកមាន ៖ ម៉ូតូកង់បីចំនួន01គ្រឿង គ្មានលេខ លេខតួ+លេខម៉ាស៊ីនរលប់ , ថ្នាំញៀនចំនួន៤កញ្ចប់តូច , កាំបិតប៉័ងតោចំនួន១ , កូនកាំបិតចុងស្រួច១, ទូរស័ព្ទម៉ាក Nokia អិនចុចពិលចំនួន២គ្រឿង , ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន២ និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ស៊ឹម ធី ត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងចាត់ការតាមនីតិវិធី ៕ ស រស្មី