ព័ត៌មានទាន់ហេតុការណ៍៖

ពូទីន កែប្រែរដ្ឋធម្មនុញ្ញពង្រឹងការកាន់អំណាច​អស់មួយជីវិត ដូចប្រធានាធិបតីចិន

ចែករំលែក៖

ក្រោយពេលដែលចិន​បានកែប្រែរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យប្រធានាធិបតីអាចកាន់តំណែងអស់មួយជីវិត បើទទួលបានការគាំទ្រពីសភា ។ កន្លងមក មេដឹកនាំចិន ក៏ដូចជា មេដឹកនាំផ្សេងទៀតនៅលើពិភពលោក កាន់អំណាចបានរយៈពេលតែពីរអាណត្តិតែប៉ុណ្ណោះ​ នឹងត្រូវចុះចេញដោយស្វ័យប្រវត្តិ ។

ពេលនេះ​លោកពូទីនក៏បានរៀបចំកែប្រែរដ្ឋធម្មនុញ្ញ​ ដោយរៀបចំបោះឆ្នោត​ ប្រជាមតិ​ស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ ត្រូវបានប្រធានាធិបតីពូទីនស្នើឡើងនៅក្នុង​​ សារប្រចាំឆ្នាំ ។ ការបោះឆ្នោតប្រជាមតិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី​១ខែឧសភាឆ្នាំ ២០២០ ។

សារព័ត៌មាន​ TASS ​បានផ្សាយថា​ តាមប្រភពព័ត៌មានពីព្រឹទ្ធសភារុស្ស៊ីបញ្ចាក់ថា ការបោះឆ្នោតប្រជាបតិនឹងត្រូវបានធ្វើឡើងមុនពេលកែប្រែរដ្ឋធម្មនុញ្ញ ។ នៅពេល​រដ្ឋាភិបាល​កំពុងតែរៀបចំ​សម្រាប់ការបោះឆ្នោតប្រជាបតិ ។ ការកែទម្រង់ រដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវតែឆ្លងកាត់ការឯកភាពពីពលរដ្ឋ​ ។ ​

នៅពេលនេះរុស្ស៊ីបានកែទម្រង់រដ្ឋាភិបាលជាទ្រង់ទ្រាយធំ ក៏ដូចជាបង្កើនអំណាច​ដល់ប្រធានាធិបតីពូទីនអាច កាន់តំណែងអស់មួយជីវិត ។ ​

ជាមួយគ្នានេះ សភារុស្ស៊ីទើបតែបោះឆ្នោត​ ​អនុម័ត គាំទ្រលោក Mikhail Mishustin ធ្វើជានាយករដ្ឋមន្ត្រី ​ ជំនួសលោក Dmitry Medvedev ដែលបានប្រកាសលាលែងចេញពីតំណែង​កាលពីថ្ងៃទី​១៥ ខែមករា ។

ក្រោយការបោះឆ្នោតលោកពូទីនក៏បាន​​ ចុះហត្ថលេខា​តែងតាំង​លោក Mishustin ឡើងកាន់តំណែងភ្លាមៗ​ ។ នៅពេលនេះលោក​ Mishustin នឹងត្រូវជ្រើសរើស រដ្ឋមន្ត្រី ដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មី ឲ្យទាន់ពេលវេលា​ ។ លោកបានសន្យាថា​នឹងមិនការកែទម្រង់ជាទ្រង់ទ្រាយធំ​​ ដោយក្នុងនោះបានជ្រើសរើសបុគ្គល ថ្មីមួយចំនួនកាន់តំណែងជា​រដ្ឋមន្ត្រី ។

ចេតនា​ចង់​កែប្រែរដ្ឋធម្មនុញ្ញ​រុស្ស៊ីនេះ គឺលោក ពូទីន ចង់​ធ្វើ​តាំងពីពេល​លោក​ផ្តើម​ឡើង​កាន់​អំណាច​រដ្ឋ​មកម្ល៉េះ ប៉ុន្តែ​ពុំ​ទាន់​មាន​ឱកាស​ល្អ​ដូចពេលនេះ ។ កាលពីថ្ងៃទី​១៥មករា បុរសខ្លាំង​លេខ​មួយ​រុស្ស៊ី បាន​លើកឡើងថា ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​ច្រើន​ផ្នែកចំពោះ​ស្ថាប័នរដ្ឋជាច្រើន​ ទាំង​ថ្នាក់​តំបន់​ និងទាំង​​រដ្ឋសភា​ផង ។ ​ រដ្ឋសភា​រុស្ស៊ី គឺ​មាន​ភាព​ចាស់​ទុំ​គ្រាន់បើ​ខ្លាំងនឹងគេ​ដែរ ហេតុនេះ ត្រូវមាន​អំណាច​សិទ្ធិ​ក្នុង​សម្រេច​ឱ្យ​បា​នច្រើន​ជាងមុន ដូចជា​ក្នុងការ​តែងតាំង​នាយករដ្ឋមន្ត្រី​ជាដើម ។

មិនតែប៉ុណ្ណោះ លោកពូ​ទីន ស្នើ​ឱ្យ​កែទម្រង់​ពង្រឹង​អំណាច​ដល់​អភិបាល​ថ្នាក់​តំបន់ ។ ចំពោះ​សមាជិក​រដ្ឋាភិបាល និង​ចៅក្រម គឺហាម​មិន​ឱ្យ​មាន​សញ្ជាតិ​ពីរ ឬហាម​មិន​ឱ្យ​​មាន​ផ្ទះ​នៅ​ក្រៅស្រុក​ ឬក៏​មាន​បណ្ណស្នាក់​នៅ​បរទេស​​ឡើយ ។ សម្រាប់​រាល់​តែគ្រប់​បេក្ខជន​ប្រធានាធិបតី ត្រូវតែ​រស់​នៅក្នុង​​ប្រទេស​រុស្ស៊ី​ យ៉ាង​ហោច​​២៥ឆ្នាំ​ជាប់ៗ​គ្នា​ ។ ក្នុង​ក្រសែភ្នែក​អ្នក​វិភាគ​នយោបាយ​រុស្ស៊ី,​ ការ​ចង​មាត្រា​បែប​នោះ គឺ​ដើម្បី​បញ្ជៀស​ក្រុម​ប្រឆាំង​ដែល​មាន​សញ្ជាតិពីរ និងដែល​ច្រើនតែ​គេ​ចទៅរស់​នៅ​ក្រៅស្រុក កុំ​ឱ្យ​អស់​លោក​ទាំងនោះ អាច​មាន​លទ្ធភាព​ស្រប​ច្បាប់​ឈរ​ឈ្មោះ​ សម្រាប់​តំណែងបេក្ខជន​​ប្រធានាធិបតី​បាន​ ។

ទោះយ៉ាងនេះក្តី ​ប្រធានាធិបតី ពូទីន ថា​រុស្ស៊ី​ជាប្រទេស​ប្រកាន់​របបសាធារណរដ្ឋ​​ប្រធានាធិបតីនិយម ហេតុនេះ​ប្រមុខរដ្ឋ​ត្រូវតែ​មាន​អំណា​ច​ខ្លាំង​ក្នុងការ​សម្រេច​កិច្ចការ​ប្រទេស​ជាតិ ។ ដូចជាការ​កំណត់​បេសកម្ម​ និងកិច្ចការ​ជាអាទិភាព​របស់​រដ្ឋាភិបាល ។ ថែមពីនេះ​ បើ​តាម​លោកពូទីន, ប្រធានាធិបតីរុស្ស៊ី ក៏ត្រូវ​រក្សា​សិទ្ធិ​ក្នុងការ​បណ្តេញ​សមាជិក​រដ្ឋាភិបាល​ ហើយនឹង​តែងតាំង​ ថ្នាក់​ដឹកនាំ​ស្ថាប័ន​ដែល​កាន់ការ​កន្លែង​សន្តិសុខជាតិ ជាដើម ។ ​ ដូច្នេះ កំណែទម្រង់រដ្ឋធម្មនុញ្ញ ក៏​ត្រូវ​សម្រប​តាម​លំអានដែល​បាន​លើកឡើងទាំង​​នេះ​​ដែរ ។ ​

ចំពោះ​អ្នក​សង្កេតការណ៍ គម្រោង​ការ​កែរដ្ឋធម្មនុញ្ញ​នេះ គឺ​ច្បាស់​ណាស់ នឹង​ប៉ះពាល់​ដល់​សិទ្ធិ​អំណាច​នៃ​ការ​តែងតែប្រធាន​ចៅក្រម​តុលាការកំពូល​ និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ​ទៀត​ផង ដែល​គេ​មើលទៅ គឺជាទម្រង់​នៃការ​ចង​ក្រសោប​ឱប​អំណាច​ ទៅក្រុម​ណា​មួយ​​ ជាក់ជាមិន​ខាន​ ។

នៅក្នុង​អាណត្តិ​កាន់អំណាចរដ្ឋ នៅ​លើកទី១ របស់​លោក វ្ល៉ាឌីមៀរ ពូទីន​ ពីឆ្នាំ​២០០០-២០០៨ ។ ឧទាហរណ៍​មួយ​ ​លោក​ ពូទីន បាន​ចុះ​ពី​ប្រមុខ​រដ្ឋ មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ហើយ​លើក​លោក Dmitri Medvedev ពីនាយករដ្ឋមន្ត្រី មកឱ្យ​កាន់​តំណែង​ជា​ប្រធានាធិបតីជំនួស​រូប​លោក​​ មួយ​រយៈសិន គឺ​ចន្លោះ​ឆ្នាំ​២០០៨-២០១២ ។ ដូច្នេះ ជាផ្លូវ​ការ​នៅលើ​ក្រដាស គឺ​លោក​ ពូទីន​ ជា​នាយករដ្ឋ​មន្ត្រី​មែន តែ​តាម​ពិត​អំណាច​របស់​គាត់គឺនៅតែ​ជា​ប្រធានាធិបតីដដែល ព្រោះ​ លោក Dmitri Medvedev ជាមនុស្ស​ជំនិតមែនទែន​​ និង​ដ៏​ស្មោះ​ស្មគ្រ​បំផុត​របស់​លោកពូទីន ។ ​ ហើយ​ការ​ចុះ​ឡើង​តំណែង​ពី​ប្រធានាធិបតី​មកនាយករដ្ឋមន្ត្រី​បែបនេះ គឺគ្រាន់តែ​ធ្វើ​បំភាន់​ កុំឱ្យ​ខុស​នឹង​ការ​ចែង​របស់​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​តែប៉ុណ្ណោះ ។

ចំណែក​​សេណា​រីយ៉ូនៃការ​សាកល្បង​ជ្រើសរើស​រក​អ្នក​ស្នង​តំណែងវិញ​ គឺ​ធ្លាប់​កើត​មាន​ការ​សាកល្បង​ កាលទី​ប្រាំ​ដង​ឯណោះ​នៅក្នុង​រជ្ឋកាល​របស់​អតីត​ប្រធានាធិបតី បូរីស អែល​ស៊ីន​​ (Boris Eltsine) ក្នុង​សម័យ​ឆ្នាំ​១៩៩១ ដល់​១៩៩៩ ។ អំលុង​ពេល​នោះ លោកអតីត​ប្រមុខរដ្ឋ​រុស្ស៊ី បូរីស អែល​ស៊ីន​ បានសាកល្បង ​ដោះដូរ ​ និង​ជ្រើសរើស​​នាយករដ្ឋមន្ត្រី ដល់​ទៅ​៤-​៥នាក់ ។ ម្នាក់​ មើលទៅ​មិនកើត ទៅមិនរួច​ ក៏​ប្តូរ​មួយទៀត រហូត​ដល់​គម្រប់​ប្រាំ​នាក់ឯណោះ​ ទើប​ដល់​វេន​បុរសខ្លាំង​ខ្សែក្រវាត់​ខ្មៅ​កីឡាយូដូ ​លោក វ្ល៉ាឌីមៀរ ពូទីន​៕


ចែករំលែក៖