ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានស៊ីរីបង្កើនការវាយប្រហារ​​ទៅលើទីតាំងក្រុមឧទ្ទាម​

ចែករំលែក៖

នៅថ្ងៃទី​១៦ ខែមករា ​​ កម្លាំង​ទាហានស៊ិរីបានបើកការវាយប្រហារ តាមផ្លូវគោក និងអាកាស ប្រឆាំងនឹងក្រុមឧទ្ទាម នៅខេត្ត Idlib នាភាគពាយព្យ​ប្រទេស នៃប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងតិច ៤០នាក់ ។

កន្លងមក​ រុស្ស៊ី​ និងតួកគី បានព្រមព្រៀងគ្នា ជំរុញឲ្យភាគីជម្លោះ នៅក្នុងប្រទេសស៊ីរី បើកការចរចាឲ្យមានបទឈប់បាញ់គ្នាមួយ ។ ប៉ុន្ដែបទឈប់បាញ់នោះ ហាក់បីដូចជា កប់ចោលទៅវិញ ព្រោះកងទ័ពរបស់រដ្ឋាភិបាលស៊ីរី នៅតែបន្ដវាយប្រហារ តាមផ្លូវគោក ​ និងអាកាស ប្រឆាំងនឹងក្រុមឧទ្ទាម នៅតំបន់ភាគពាយព្យរបស់ប្រទេសនេះដដែល ។ ការវាយប្រហារយ៉ាងបង្ហូរឈាម កាលពីថ្ងៃទី១៦ ខែមករា ​បានសម្លាប់ជនស្លូតត្រង់យ៉ាងតិច ៤០នាក់ ។ ក្រៅពីនេះ ក៏មានអ្នករងរបួសជាច្រើននាក់ផងដែរ ។

ក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់ស៊ីរី បានឲ្យដឹងថា ការវាយប្រហារយ៉ាងបង្ហូរឈាម រវាងកងកម្លាំងគាំទ្ររដ្ឋាភិបាល និងក្រុមជ្រុលនិយម បានចាប់ផ្ដើមផ្ទុះឡើងជាថ្មី ចាប់តាំងពីល្ងាច ថ្ងៃទី១៥ ខែមករា មកម៉្លេះ ។ គោលបំណងដ៏សំខាន់របស់កងកម្លាំង រដ្ឋាភិបាល ចង់ដណ្ដើមកាន់កាប់ទីក្រុងដ៏សំខាន់ Maaret Al Numan របស់ក្រុមឧទ្ទាម ។

ក្រុមអ្នកស៊ើបអង្កេត បានបញ្ជាក់ថា តំបន់ទាំងនោះ ក៏ជាគោលដៅដ៏សំខាន់របស់កងទ័ពរដ្ឋានភិបាល វាយដណ្ដើម យកមកគ្រប់គ្រងជាថ្មី ។ លោក បាសា អាល់អាសាដ ប្រធានាធិបតីស៊ីរី កាលពីពេលកន្លងទៅនេះ បានប្ដេជ្ញាចិត្ត ដណ្ដើមយកតំបន់ខាងលើ មកគ្រប់គ្រងវិញ ។ រហូតមកដល់ពេលនេះ កងទ័ពរដ្ឋាភិបាលស៊ីរី និងកម្លាំងសម្ពន្ធមិត្ត បានដណ្ដើមកាន់កាប់ភូមិចំនួន២របស់ក្រុមឧទ្ទាម ។

ប្រភពព័ត៌មានក្នុងតំបន់ បានផ្សាយថា​ ការវាយប្រយុទ្ធគ្នាជាមួយនឹងក្រុមឧទ្ទាមនោះ យ៉ាងហោចណាស់ ក៏មានកងកម្លាំងរបស់រដ្ឋាភិបាលចំនួន២២ស្លាប់ផងដែរ ។ ក្រុមឧទ្ទាមនៅតំបន់នោះ ភាគច្រើនជាសមាជិក នៃក្រុមជ្រុលនិយម Hayat Tahrir Al Sham ។ ក្រុមទាំងនេះ សុទ្ធតែបំបែកខ្លួន ចេញមកពី Al Qaeda នៅក្នុងប្រទេសស៊ីរី ។

មន្រ្ដីអង្គការសហប្រជាជាតិ បានប្រកាស កាលពីថ្ងៃទី១៦ ខែមករា ថា គិតចាប់តាំងពីដើមខែធ្នូ ឆ្នាំ២២០១៩ រហូតមកដល់ពេលនេះ ការវាយប្រយុទ្ធគ្នា រវាងកងកម្លាំងរបស់រដ្ឋាភិបាល និងក្រុមឧទ្ទាម ខាងលើនេះ បាន និងកំពុងជំរុញឲ្យប្រជាពលរដ្ឋស៊ីរី ប្រហែល ៣៥០ ០០០នាក់ ភាគច្រើនជាស្រ្ដី និងកុមារ ​ត្រូវភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ ។ រលក នៃការធ្វើចំណាកស្រុកនេះ បាន និងកំពុងតែជំរុញឲ្យ​វិបត្ដិមនុស្សធម៌ នៅតំបន់ទាំងនេះ កាន់តែធ្ងន់ធ្ងរ ឡើងបន្ថែមទៀត៕


ចែករំលែក៖