គណៈកម្មការសុខភាពក្រុងវូហានបានថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា បុរសអាយុ៦៩ឆ្នាំដែលជាអ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រកឃើញមានបញ្ហាសុខភាពផ្នែកតំរងនោមខុសប្រក្រតី និងខូចខាតធ្ងន់ធ្ងរដល់សរីរាង្គ ។ អ្នកជំងឺរូបនេះបានទទួលមរណភាពនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។
តាមការធ្វើតេស្តរបស់មន្ទីរពិសោធន៍ក្នុងតំបន់បានបញ្ជាក់ថា ករណីជំងឺរលាកសួតធ្ងន់ធ្ងរនេះ បានផ្ទុះឡើង៤១ករណីហើយ នៅក្នុងទីក្រុង វូហាន ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបញ្ជាក់ថា វាអាចជាវីរុសប្រភេទថ្មី ជាវីរុសស្ថិតនៅក្នុងចង្កោមក្រុមវីរុសធំមួយ ដែលអាចបង្ករោគសញ្ញា ចាប់ពីជំងឺផ្តាសាយទូទៅ រហូតដល់ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដូចជារោគសញ្ញានៃជំងឺSARS ។
ប្រទេសជប៉ុនកាលពីថ្ងៃទី១៦ ខែមករា បានបញ្ជាក់ថា បុរសម្នាក់ដែលមានអាយុខ្ទង់៣០ឆ្នាំបានឆ្លងវីរុសនេះ ហើយស្ត្រីជនជាតិចិនម្នាក់ ក៏ត្រូវបានគេទុកឱ្យនៅប្រទេសថៃផងដែរ ជាមួយនឹងជំងឺចម្លែកនេះ គឺវីរុសរលាក់សួតធ្ងន់ធ្ងរ(pneumonia) ។ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ជំងឺនេះអាចរីករាលដាលកាន់តែទ្រង់ទ្រាយធំឡើង ។
អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់នៅថ្ងៃទី១៦ ខែមករាថា មនុស្សសរុបចំនួន ៧៦៣ នាក់បានស្ថិតនៅក្រោមការសង្កេតនៅក្នុងទីក្រុងវូហាន បន្ទាប់ពីជំងឺប្រភេទថ្មីនេះបានផ្ទុះឡើងដំបូងគេរៀងរហូតមក ។ ក្នុងចំណោមអ្នកទាំងនោះ មាន៦៤៤នាក់ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះ វិញ ខណៈដែល១១៩នាក់ទៀតកំពុងត្រូវបានត្រួតពិនិត្យស៊ើបអង្កេតបន្តពីក្រុមគ្រូពេទ្យ ។
បុរសអាយុ៦១ឆ្នាំម្នាក់បានស្លាប់កាលពីដើមខែមករា ឆ្នាំ២០២០ នៅក្នុងទីក្រុងវូហាន ដោយសារជំងឺរលាកសួតកម្រិតធ្ងន់ធ្ងរ និងនៅបន្ទាប់ពីបានធ្វើតេស្តិ៍រកឃើញវិជ្ជមាននៃវីរុស pneumonia ។ ការផ្ទុះឡើងជំងឺថ្មីនេះបង្កឲ្យព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលជិតដល់ថ្ងៃឈប់សម្រាកចូលឆ្នាំចិន នៅចុងខែមករានេះ ពេលដែលប្រជាជនចិនប្រហែល ១,៤ ពាន់លាននាក់ ភាគច្រើននឹងត្រូវធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជន ឬក្រៅស្រុករបស់ពួកគេដើម្បីអំណរឆ្នាំថ្មី ប្រពៃណីរបស់ខ្លួននោះ ។
អនុស្សាវរីយ៍នៅតែដិតដាមជាប់ជានិច្ចនៅឡើយ នៅក្នុងតំបន់អាស៊ីនេះកាលពីក្នុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ការកើតឡើងនូវជំងឺ SARS នៅក្នុងប្រទេសចិន ហើយដែលជំងឺនេះ បានសម្លាប់មនុស្សជិត៨០០នាក់នៅទូទាំងពិភពលោក ៕