ប្រទេសជុំវិញពិភពលោកកាន់តែបារម្ភ ក្រោយជំងឺសួតប្រភេទថ្មីរាលដាលកាន់តែខ្លាំងនៅលើពិភពលោក ដោយមាន ១៨ប្រទេសហើយរកឃើញមានអ្នកផ្ទុកជំងឺដ៏កាចសាហាវមួយនេះ ។
តាមទីភ្នាក់ងារព័ត៌មាន aljazeera នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានផ្សាយថា អ្នកជំងឺកូរ៉ូណា នៅក្នុងប្រទេសចិន និងឆ្លងជុំវិញពិភពលោកនោះ បណ្តាលឲ្យស្លាប់កើនឡើង១០៦នាក់ និងជាង៤ពាន់នាក់បានចម្លង ។
ប្រទេសចិន និងប្រទេសដទៃផ្សេងទៀតជុំវិញពិភពលោក បាននិងកំពុងទប់ទល់ជាមួយការឆ្លងរាលដាលជំងឺរលាកសួតថ្មី (coronavirus) ដែលបានសម្លាប់មនុស្សកើនយ៉ាងតិច១០៦នាក់ និងជាង៤០០០នាក់ឆ្លង ។
ប្រទេសអាល្លឺម៉ង់ បានរាយការណ៍ថា មានផ្ទុះករណីជំងឺនេះលើកទីមួយ ខណៈអាមេរិក កាណាដា បានព្រមានពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសចិនបើសិនពុំមានបញ្ហាចាំបាច់ ។
មនុស្សជាង៥៦លាននាក់ នៅតាមទីក្រុងចំនួន២០ របស់ប្រទេសចិន ក្នុងនោះរួមមានទីក្រុង វូហាន រដ្ឋធានីខេត្ត Hubei ភាគកណ្តាលរបស់ចិនផងដែរ ទីដែលជំងឺបានផ្ទុះឡើងមុនគេ ត្រូវបានរារាំង ហាមឃាត់ការធ្វើដំណើរចាកចេញធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ដើម្បីទប់ស្កាក់ការឆ្លងរាលដាលជំងឺ ។
អគ្គនាយកអង្គការសុខភាពពិភពលោក WHO នៅពេលនេះបាននិងកំពុងស្ថិតនៅក្នុងប្រទេសចិន ។ អង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា វាជាជំងឺឆ្លងតាមផ្លូវដង្ហើម ដែលបាននិងកំពុងប្រកាសអាសន្ននៅក្នុងប្រទេសចិន ។ ប៉ុន្តែអង្គការនេះកាលពីសប្តាហ៍មុនបានបញ្ជាក់ថា វាឆាប់រហ័សពេក ដែលសម្រេចប្រកាសអាសន្នអំពីជំងឺនេះនៅទូទាំងពិភពលោក ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០អាជ្ញាធរចិន បានប្រកាសថា អ្នកជំងឺនេះបានស្លាប់កើនឡើង១០៦នាក់ ខណៈឆ្លងថ្មីជិត ១៣០០ករណី ។
គណៈកម្មការសុខាភិបាលខេត្ត Hubei បានបញ្ជាក់ថា មនុស្ស២៤នាក់ផ្សេងទៀតបានស្លាប់ និង ១២៩១នាក់ បានឆ្លង ធ្វើឲ្យចំនួនអ្នកឆ្លងសរុបរហូតដល់ជាង៤០០០នាក់ ។
វិរុសនេះបានឆ្លងដល់អឺរ៉ុបហើយ ក្នុងនោះមានប្រទេសអាល្លឺម៉ង់ នៅពេលនេះ ដោយអាជ្ញាធរអាល្លឺម៉ង់ទើបតែបានប្រកាសមុននេះថា មានមនុស្សម្នាក់ស្ថិតនៅតំបន់ស្តានប៊ឺក (Starnberg) ទើបតែត្រូវបានធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (Coronavirus ឬ 2019-nCoV) ។
ការប្រកាសនេះ បានធ្វើឲ្យអាល្លឺម៉ង់បានក្លាយជាប្រទេសទីពីរនៅទ្វីបអឺរ៉ុបបន្ទាប់ពីបារាំង ដែលមានករណីឆ្លងវីរុសកូរ៉ូណាថ្មីក៏កាចសាហាវនេះ។
ក្រសួងសុខាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីត្រូវបានរកឃើញ នៅក្នុងខ្លួនបុរសម្នាក់នៅទីក្រុង Starnberg ភាគខាងត្បូងប្រទេស ហើយពេលនេះអ្នកជំងឺ ត្រូវបានគេដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យ និងព្យាបាល។
យ៉ាងណាក៏ដោយ អាជ្ញាធរអាល្លឺម៉ង់មិនបានបញ្ជាក់ថា តើអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីនៅតំបន់ Starnberg នោះជាជនជាតិអ្វី មានអាយុប៉ុន្មាន ក៏ធ្លាប់ធ្វើដំណើរការទៅណាខ្លះនោះឡើយ ដោយត្រឹមតែបញ្ជាក់ថា រូបគេស្ថិតនៅក្នុងស្ថានភាពល្អ៕