ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ុង ប៊ុនលីម រងការរិះគន់ថាកំពុងខំប្រឹងបិទបាំងបទល្មើសព្រៃឈើ

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញជាច្រើននាក់កំពុងបន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ ចូលទៅចែកចាយតាមដេប៉ូច្រើនកន្លែងក្នុងខេត្តសៀមរាប យ៉ាងពេញបន្ទុក ។ ក៏ប៉ុន្តែលោក ម៉ុង ប៊ុនលីម​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញទាំងនោះឡើយ ហើយបែរជាទៅគិតគូររឿងបិទអាជីវកម្មឡធ្យូងច្រើនកន្លែងនៅឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាបទៅវិញ ។ សកម្មភាពរបស់លោក ម៉ុង ប៊ុនលីម​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា ជាវិធីបិទបាំងសកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ដែលកំពុងកើតឡើយយ៉ាងរាលដាលនៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ន ។

ប្រភពពីប្រជាពលរដ្ឋនៅឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប បានឲ្យដឹងថា ឡដុតធ្យូងជាមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះជាយូរមកហើយ ដូច្នេះករណីលោក ម៉ុង ប៊ុនលីម​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បង្ក្រាបឡដុតធ្យូងក្នុងឃុំប្រាសាទ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ។ ប្រជាពលរដ្ឋបានលើកឡើងថា លោក ម៉ុង ប៊ុនលីម​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប គួរចាត់វិធានការបង្ក្រាបក្រុមឈ្មួញដែលដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តសៀមរាប​ ក៏ដូចជាក្រុមឈ្មួញដឹកជញ្ជូនឈើគ្រញូង និងឈើប្រណីតពីខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ចេញទៅស្រុកយួនទើបជារឿងត្រឹមត្រូវ ។ ការដែលលោក ម៉ុង ប៊ុនលីម​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប កំពុងចាត់វិធានការបង្ក្រាបឡដុតធ្យូងនៅស្រុកវ៉ារិន គឺជាការបិទបាំងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ដែលនៅតែបន្តកើតឡើងយ៉ាងអនាធិបតេយ្យ ។

តាមការអះអាងរបស់មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា ឈ្មួញធំៗដែលប្រព្រឹត្តបទល្មើសព្រៃឈើក្នុងខេត្តសៀមរាប ជាពិសេសឈ្មួញដឹលជញ្ជូនឈើពីខេត្តព្រះវិហារ ចូលក្រុងសៀមរាប ជាប្រភពចំណូលដ៏ធំរបស់លោក ម៉ុង ប៊ុនលីម​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក ទា គឹមសុទ្ធប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ផងដែរ ។ ហេតុនេះហើយទើប​លោក ម៉ុង ប៊ុនលីម​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប​ មិនបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់​ចូលក្រុងសៀមរាប និងក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់ខេត្តសៀមរាប ហើយបែរជាទៅបង្ក្រាបឡធ្យូងនៅក្នុងស្រុកវ៉ារិន យ៉ាងងងើល ។ ប្រភពខ្នះបានឲ្យដឹងថា លោក ម៉ុង ប៊ុនលីម​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប អាងមានលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ទើបធ្វើអ្វីៗតាមអំពើចិត្តហើយព្យាយាមប្រើវិធីបិទបាំងបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងខេត្តសៀមរាប ។

លោក ម៉ុង ប៊ុនលីម បានបំភ្លឺតាមទូស័ព្ទនៅថ្ងទី២៨ ខែមករា ឆ្នាំ២០២០ ថា កម្លាំងមន្រ្ដីជំនាញនៃខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាបមិនមែនមិនបង្រ្កាប ។

បទល្មើសព្រៃឈើនោះទេ កាលឆ្នាំ២០១៩ បង្ក្រាបបាន៦៨ករណី និងឆ្នាំ២០២០នេះបង្ក្រាបបាន១២ករណី ចំណែក ករណីឈួសឆាយដី ព្រៃ ក៏បានចុះបង្ក្រាបច្រើនករណីហើយដែរ ឯឡដុតធ្យូង យើងបានចុះបិទ និងហៅម្ចាស់មកធ្វើកិច្ចសន្យារួចរាល់ហើយ៕ ប៊ុនរិទ្ធី


ចែករំលែក៖