ព័ត៌មានទាន់ហេតុការណ៍៖

មីស៊ីល៥គ្រាប់បាញ់ទៅលើទីតាំងទាហានអាមេរិកនៅអ៊ីរ៉ាក់

ចែករំលែក៖

ដូចអ្វីដែលអ៊ីរ៉ង់ និងក្រុមឧទ្ទាមនៅតំបន់មជ្ឈិមបូព៌ា បានប្រកាសថា ទាហានអាមេរិកនៅតំបន់មជ្ឈិមបូព៌ា​មិនមានសុវត្ថិភាពនោះឡើយ​។ កន្លងមកទីតាំងអាមេរិករងការវាយប្រហារជាបន្តបន្ទាប់ ។ នៅពេលនេះ មីស៊ីល៥គ្រាប់បានធ្លាក់ក្នុងតំបន់ជិតទីតាំងទាហានអាកាស al-Qayyarah របស់អាមេរិក នៅក្នុងប្រទេសអីរ៉ាក់​ ​កាលពីយប់ថ្ងៃទី​៣១ ខែមករា​។ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ថា តើមានអ្នកស្លាប់ និងរងរបួសក្នុងការវាយប្រហារនោះដែរឬទេ ។

ទីតាំងយោធា al-Qayyarah ជាកន្លែងឈរជើងរបស់កម្លាំងទាហានអាមេរិក សម្រាប់ប្រតិបត្តិការណ៍វាយប្រហារទៅលើក្រុមភេរវកម្ម​។ ទីតាំងនេះស្ថិតនៅចម្ងាយពីទីក្រុង​ Mosul ​៦៤គីឡូម៉ែត្រ និងឆ្ងាយពីទីក្រុងបាតដាដ​៣០០គីឡូម៉ែត្រ​។

កាលពីថ្ងៃ ទី​៨ ខែមករា អ៊ីរ៉ង់​បានបាយប្រហារ​ដោយមីស៊ីល​ទៅលើទីតាំងពីរកន្លែងរបស់អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺទីតាំង​ Eribil និង Al Asad ដើម្បីសងសឹកដល់ការស្លាប់របស់មេទ័ព​ Soleimani ដែលត្រូវអាមេរិកសម្លាប់កាលពីថ្ងៃទី​៣ខែមករា​។ការវាយប្រហាររបស់អ៊ីរ៉ង់ បណ្តាលឲ្យទាហានអាមេរិក​សរុប ៦៤នាក់​រងរបួសខួរក្បាល​ដោយសារតែសំឡេងផ្ទុះខ្លាំងពេក​។

ជាមួយគ្នានេះ​រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ​បានព្រមានថា​នឹងវាយប្រហារ នឹងដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ាក់ ប្រសិនបើប្រទេសនេះបណ្តេញទាហានអាមេរិក​ចេញពីទឹកដីអ៊ីរ៉ាក់នោះ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតកងទ័ពសម្ពន្ធមិត្តអន្ដរជាតិ ប្រឆាំងនឹងក្រុមនិយមជ្រុល បានថ្លែង កាលពីថ្ងៃទី៣១ ខែមករា បានប្រកាសថា កងទ័ពអ៊ីរ៉ាក់ បានព្រមព្រៀង បន្ដចូលរួមប្រតិបត្ដិការប្រឆាំងនឹងក្រុមភេរវករ ISIS ហើយកិច្ចព្រមព្រៀងនេះ បានកើតឡើង ក្រោយពេលកងទ័ពអ៊ីរ៉ាក់ ផ្អាក​អស់រយៈពេល៤សប្ដាហ៍ ដើម្បី ឆ្លើយតបនឹងអាមេរិក សម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់។

កងទ័ពអ៊ីរ៉ាក់ បានប្រកាសផ្អាកចូលរួមប្រតិបត្ដិការយោធាជាមួយនឹងកងទ័ពសម្ពន្ធមិត្ត ដែលដឹកនាំដោយអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ចាប់តាំងពីកងទ័ពអាមេរិក បានសម្លាប់លោក Qassem Soleimani នៅជិតអាកាសយានដ្ឋានអន្ដរជាតិ​បាដាដ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ក្រោយហេតុការណ៍នោះផ្ទុះឡើង សភាអ៊ីរ៉ាក់ ក៏បានអនុម័តឲ្យរដ្ឋាភិបាល បណ្ដេញកងទ័ពបរទេសចេញពីទឹកដីរបស់ខ្លួន។ ស្របគ្នានោះ កងទ័ពអ៊ីរ៉ាក់ ក៏បានប្រកាស​ មិនចូលរួមប្រតិបត្ដិការជាមួយនឹង​កងទ័ព​អាមេរិក និងសម្ពន្ធមិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS ហើយទើបតែពេលនេះ កងទ័ពអ៊ីរ៉ាក់ បានព្រមព្រៀងចូលរួមឡើងវិញ។

មន្រ្ដីអាមេរិក បានបញ្ជាក់ថា អាមេរិក បានបង្ហាញគោលជំហរយ៉ាងច្បាស់លាស់ ចំពោះការបន្ដវត្ដមានរបស់កងទ័ពសម្ពន្ធមិត្ត ដើម្បីប្រយុទ្ធនឹងក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់។ ប៉ុន្ដែរហូតមកដល់ពេលនេះ​ អាមេរិកមានកងទ័ពប្រហែល៥២០០នាក់ កំពុងឈរជើង នៅក្នុងមូលដ្ឋានកងទ័ពនានា នៅពាសពេញប្រទេសអ៊ីរ៉ាក់។ រីឯកងទ័ពទាំងនោះ ក៏បានជួយហ្វឹកហ្វឺនដល់កងទ័ពរបស់អ៊ីរ៉ាក់ផងដែរ។

អ៊ឺរ៉ាក់ បានប្រកាសពីជ័យជម្នះរបស់ខ្លួន លើក្រុមរដ្ឋអ៊ីស្លាម នៅចុងឆ្នាំ២០១៧ បន្ទាប់ពីវាយដណ្ដើមយកមកគ្រប់គ្រងវិញ នៅដែនដែលពួកក្រុមជ្រុលនិយម រឹបអូសយកទៅគ្រប់គ្រង កាលពីដើមឆ្នាំ២០១៤។ កងទ័ពអាមេរិក បានវាយប្រហារតាមអាកាស និងតាមផ្លូវគោក ជួយទ្រទ្រង់ដល់កងទ័ពអ៊ីរ៉ាក់ ដើម្បីយកជ័យជម្នះលើក្រុមជ្រុលនិយម។ ប៉ុន្ដែទំនាក់ទំនងរវាងអាមេរិក បានចាប់ផ្ដើមល្អក់កករ ក្រោយពេលអាមេរិកសម្លាប់មេទ័ពអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ ក៏បានវាយប្រហារសងសឹកទៅលើមូលដ្ឋានកងទ័ពអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃទី៨ ខែមករា៕


ចែករំលែក៖