ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យលួចទ្រព្យសម្បត្តិ នៅក្រុងស្វាយរៀង ធ្លាយមុខសញ្ញាលួចរថយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស៊ើបអង្កេត និងរហូតឈានដល់ការឃាត់ខ្លួនក្នុងករណីលួចទ្រព្យសម្បត្តិ និងគ្រឿងអលង្ការនៅផ្ទះការ៉ាស់សាំងក្រុងស្វាយរៀង ធ្លាយជាមុខសញាពាក់ពន្ធ័នឹងករណីលួចរថយន្តមួយគ្រឿងទៀត ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញ និងបទបញ្ជាផ្ទាល់់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបន្តចុះស្រាវជ្រាវស៊ើបអង្កេត ដោយមានកិច្ចសហប្រតិបត្តិការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ។

រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យដែលពាក់ពន្ធ័ករណីចោរកម្មមានឈ្មោះ ផាន ឌីណា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ដើមហេតុ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៥នាទី ព្រឹក សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានទទួលព័ត៌មានតាមរយះទូរសព្ទ័ថា នៅក្នុងផ្ទះ(ការ៉ាស់សាំង)របស់ឈ្មោះទុំ​ សារឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ការ៉ាស់សាំង មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ករណីចោរ ចូលលួចយកលុយ គ្រឿងអលង្ការ និងសម្ភាររួមមាន៖ ចិញ្ចៀន 2 វង់ផ្លាកទីនមួយវង់មាស1វង់ មានតម្លៃ 500 ដុល្លារ, ចិញ្ចៀនមាស 1វង់ទម្ងន់ 5 ជី, កងដៃផ្លាកទីនមួយខ្សៃតម្លៃជាង 2,000ដុល្លារ, ក្រវិលមាសមួយគូរ ទម្ងន់2.50ជី, ប្រាក់ដុល្លារ ចំនួន 13000$, ប្រាក់រៀលចំនួន 91 លានរៀល, ទូរសព្ទដៃមួយគ្រឿងម៉ាក iphone X-11pro ពណ៌ខ្មៅ តម្លៃជាង1500$ និង ចង្កឹះសោរថយន្តចំនួនពីរគ្រឿង និងសម្ភារ ប្រើប្រាស់មួយចំនួនទៀតផងដែរ ។

សមត្ថកិច្ចបាបបន្ថែមថា ជនសង្ស័យក៏ជាមុខសញ្ញាដែលមានការជាប់ពាក់ពន្ធ័នឹងករណីលួចរថយន្តមួយគ្រឿងម៉ាក LEXUS RX_330 ពណ៌ស នៅតំបន់ព្រែកលៀប (ក្នុងខេត្តកណ្តាល ) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ កន្លងមកផងដែរ ។

នៅចំពោះមុខសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជនសង្ស័យ បានឆ្លើយសារភាពថាៈ ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចូលទៅលួចយកគ្រឿងអលង្ការជាច្រើនដូចជា ខ្សែក, កងដៃ, ក្រវិល,ចិញ្ចៀន, ទូរសព្ទ័ម៉ាកIPHONE X 11PRO និងលុយកាក់ (ទាំងលុយខ្មែរ និងលុយដុល្លារ) សរុបជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារ នៅក្នុងផ្ទះការ៉ាស់សាំងរបស់ឈ្មោះ ទុំ សារឿន ស្ថិតក្នុងភូមិកៀនសាំង​ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០២រំលងអធ្រាត្រប្រាកដមែន តែបន្ទាប់ពីលួចលុយ និងគ្រឿងអលង្ការទាំងនោះបានហើយ ខ្លួនក៏យកទៅប្តូរនៅផ្ទះលីហួរយកលុយដុល្លារ រួចក៏ចូលទៅលេងល្បែងនៅក្នុងកាស៊ីណូណាហ្គា(NAGA WORLD CASINO)រហូតដល់ចាញ់អស់ប្រាក់ជាង០៣ម៉ឺុនដុល្លារ និងយកលុយខ្លះទៀតទៅទិញខ្សែកប្លាកទីន ព្រមទាំងសម្ភារប្រើប្រាស់ទាន់សម័យជាច្រើនទៀត ហើយនៅសល់ប្រាក់ចំនួន5,000$ លុយខ្មែរ ១៨ម៉ឺនរៀល ចិញ្ជៀនមាស១វង់ និងក្រវិលមាស១គូតែប៉ុណ្ណោះ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ប្រាក់ដែលនៅសល់ចំនួន5000$ លុយខ្មែរ១៨ម៉ឺនរៀល និងគ្រឿងអលង្ការមួយចំនួនខាងលើ ដែលដកហូតបានពីជនសង្ស័យឈ្មោះ ផាន ឌីណា ប្រគល់ទៅឲ្យជនរងគ្រោះឈ្មោះ ទុំ សារឿន វិញផងដែរ ។

រីឯជនសង្ស័យឈ្មោះ ផាន ឌីណា ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

ចំណែកឯសំណុំរឿងករណីចោរកម្មនៅខេត្តស្វាយរៀងវិញ សមត្ថកិច្ច នឹងកសាងជាសំណុំរឿងស៊ើបអង្កេតបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចេញដីកាចាប់ខ្លួន និងឃុំខ្លួនដើម្បីអនុវត្តទោសនៅពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖