ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃបន្តគំរាមកំហែងអូស្ត្រាលីដដែល

ចែករំលែក៖

កន្លងមក ភ្លើងឆេះព្រៃគ្របដណ្តប់នៅក្នុងរដ្ឋ​​ NSW​ និងរដ្ឋមួយចំនួនទៀត​ ប៉ុន្តែនៅពេលនេះភ្លើងឆេះព្រៃបានកើតឡើងនៅក្នុងរដ្ឋធានី​Canberra ​​បង្ខំឲ្យរដ្ឋាភិបាល ប្រកាសអាសន្ន​ជាថ្មី ។

អាជ្ញាធរអូស្ត្រាលី នៅថ្ងៃ៣១ខែមករា បានប្រកាសភាពអាសន្នសម្រាប់រដ្ឋធានីកង់បេរ៉ា (Canberra) និងតំបន់ក្បែរខាង ខណៈការកើនឡើងសីតុណ្ហភាព និងខ្យល់បក់ខ្លាំង អាចនឹងបង្កឲ្យភ្លើងឆេះព្រៃរីករាលដាលដល់កម្រិតមួយ ដែលក្រុមអ្នកពន្លត់អគ្គិភ័យ មិនអាចគ្រប់គ្រងបាន ។

បើតាមក្រុមមន្ត្រីអូស្រ្តាលី ភ្លើងឆេះព្រៃដែលកំពុងស្ថិតនៅក្រៅការគ្រប់គ្រង ក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋធានីកង់បេរ៉ា បានរីករាលដាលលើផ្ទៃដី១៨៥គីឡូម៉ែត្រ ក្រឡាហើយ ឬស្មើនឹង៨ភាគរយនៃដែនដីរដ្ឋធានីនេះ។ ចំណែកឯការប្រកាសពីភាពអាសន្ន នឹងមានរយៈពេល៧២ម៉ោង ហើយវានឹងផ្ដល់អំណាចដល់អាជ្ញាធរ ក្នុងការចេញបញ្ជាឲ្យប្រជាជនជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព បិទផ្លូវថ្នល់ និងគ្រប់គ្រងទ្រពសម្បត្តិឯកជនជាបណ្ដោះអាសន្នជាដើម។

គួរបញ្ជាក់ថា អូស្ត្រាលី បាន និងកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើងឆេះព្រៃនៅទូទាំងតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន ដែលបានផ្ដាច់ជីវិតមនុស្ស៣៣នាក់ សត្វជាង១ពាន់លានក្បាលបានងាប់ រីឯផ្ទះ២,៥០០ខ្នងត្រូវបានបំផ្លាញ និងផ្ទៃដីច្រើនជាង ១១.៧លានហិកតា ត្រូវបានភ្លើងលេបត្របាក់។ គិតត្រឹមថ្ងៃសុក្រនេះ មានភ្លើងឆេះព្រៃចំនួន៥៨កន្លែងនៅក្នុងរដ្ឋ New South Wales, ២០កន្លែង នៅក្នុងរដ្ឋ Victoria និង២២កន្លែងផ្សេងទៀត នៅរដ្ឋ South Australia ខណៈក្នុងរដ្ឋ New South Wales និងរដ្ឋ Victoria មានសីតុណ្ហភាពដល់ទៅ៤០អង្សាសេ៕


ចែករំលែក៖