ដើម្បីទប់ស្កាត់អ៊ីរ៉ង់ផលិត បរមាណូ អាមេរិក បានបង្កើនការដាក់ទណ្ឌកម្មទៅលើមន្ត្រីពាក់ព័ន្ធនឹងកម្មវិធីបរមាណូអ៊ីរ៉ង់ ក្នុងនោះមាន ប្រធានអង្គការថាមពលបរមាណូ លោក Ali Akbar Salehi ។
ក្រសួងការបរទេសអាមេរិក បានចោទប្រកាន់អង្គការថាមពលបរមាណូអ៊ីរ៉ង់ ( AEOI) និងលោក Salehi ថា កំពុងតែចូលរួមសកម្មភាពពាក់ព័ន្ធ ឬប៉ុនប៉ងក្នុងប្រតិបត្តិការនានាដែល ចូលរួមចំណែក ឬធ្វើឲ្យមានហានិភ័យដល់ពិភពលោក។ អង្គការ AEOI នេះ កំពុងតែចម្រើនកម្រិតអ៊ុយរ៉ានីញ៉ូម សម្រាប់ផលិតគ្រាប់បែកបរមាណូ។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា របបគ្រប់គ្រងតេអេរ៉ង កំពុងតែបង្កឲ្យមានគ្រោះថ្នាក់ដល់សន្ដិភាព និងសន្ដិសុខភារបស់ពិភពលោក។ កន្លងមក មន្រ្ដីជាន់ខ្ពស់អាមេរិក តែងតែថ្លែងជាដដែលថា ទីក្រុងវ៉ាស៊ីនតោន មិនមានចេតនាចង់ឲ្យមានការផ្លាស់ប្ដូររបបគ្រប់គ្រង នៅក្នុងប្រទេសអ៊ីរ៉ង់ នោះឡើយ។ ប៉ុន្ដែនៅពេលនេះ សហគមន៍អន្ដរជាតិ ត្រូវតែរួបរួមគ្នា ប្រឆាំងនឹងការផលិតគ្រាប់បែកបរមាណូរបស់អ៊ីរ៉ង់។
ជាមួយគ្នានេះដែរ លោក Mike Pompeoរដ្ឋមន្រ្ដីការបរទេសអាមេរិក បានសរសេរ នៅលើបណ្ដាញសង្គមថា ឥរិយាបថរបស់អ៊ីរ៉ង់ ជាសញ្ញាបង្កគ្រោះថ្នាក់ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ ប្រសិនបើអ៊ីរ៉ង់ផលិតគ្រាប់បែកនុយក្លេអ៊ែរបានសម្រេច។ យើងដាក់ទណ្ឌកម្មលើអង្គការថាមពលបរមាណូអ៊ីរ៉ង់ ហើយនិងប្រធានអង្គការនេះ គឺជារឿងត្រឹមត្រូវ។ អង្គការ AEOI នេះ ជាអ្នកដើរតួយ៉ាងសំខាន់ ក្នុងការផលិតគ្រាប់បែកបរមាណូឲ្យរបបគ្រប់គ្រងតេអ៊ីរ៉ង់។
អាមេរិក និងអ៊ីរ៉ង់ បានប្រឈមមុខដាក់គ្នា កាន់តែតានតឹងឡើងបន្ថែមទៀត ក្រោយពេលកងទ័ពអាមេរិក បានបញ្ជាយន្ដហោះគ្មានមនុស្សបើកបរសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ លោក Qessem Soleimani នៅជិតអាកាសយានដ្ឋានទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។ ជាការសងសឹកវិញនោះ អ៊ីរ៉ង់ ក៏បានបាញ់មីស៊ីលបាលីស្ទិក ជាង២០គ្រាប់ដាក់មូលដ្ឋានកងទ័ពអាកាសរបស់អាមេរិក ចំនួន២កន្លែង នៅលើទឹកដីអ៊ីរ៉ាក់៕