អ្នកស្រាជ្រាវជនជាតិបារាំង២នាក់ ដែលត្រូវបានចាប់ទៅដាក់ក្នុងពន្ធនាគារ Evin នៅ ទីក្រុងតេអ៊ីរ៉ង់ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ ហើយរហូតមកដល់ពេលនេះ ពួកគេមិនមានសុខភាពល្អឡើយ។ ទាំងនោះបានជា រដ្ឋមន្ត្រីការបរទេសបារាំង លោកJean-Yves Le Drian បានជំរុញឲ្យអ៊ីរ៉ង់ ដោះលែងជនជាតិបារាំង ទាំងពីរនាក់ខាងលើ។
មេធាវី បានឲ្យដឹងថា អ្នកស្រាវជ្រាវជនជាតិបារាំងទាំង២នាក់នោះ រួមមាន លោក Roland Marchal ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដ PO និងម្នាក់ទៀត គឺលោកស្រី Fariba Adelkhah (មានសញ្ជាតិ២ បារាំង និងអ៊ីរ៉ង់) ក៏ជាអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យខាលើនេះដែរ។ រហូតមកដល់ពេលនេះ អាជ្ញាធរអ៊ីរ៉ង់ បានទម្លាក់ចោលការចោទប្រកាន់ធ្វើចារកម្មប្រឆាំងនឹងលោកស្រី Adelkhah ។ ប៉ុន្ដែអ៊ីរ៉ង់ នៅតែចោទលើសំណុំរឿងមួយករណីទៀត ទាក់ទងនឹងបញ្ហាសន្ដិសុខជាតិអ៊ីរ៉ង់។
លោក Jean-Yves Le Drian រដ្ឋមន្រ្ដីការបរទេសបារាំង បានថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយ LCI, RTL និងសារព័ត៌មាន Le Figaro ថា យើងកំពុងតែដោះស្រាយរឿងនេះជាមួយនឹងអាជ្ញាធរជាន់ខ្ពស់អ៊ីរ៉ង ដោយរួមទាំង លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់ ផងដែរ។ យើងគិតថា អ៊ីរ៉ង់នឹងផ្ដល់សញ្ញាពីការដោះលែងអ្នកស្រាវជ្រាវទាំង២នាក់នោះ។
សមាគមសាកលវិទ្យាល័យស្រាវជ្រាវ បានឲ្យដឹងថា លោក Marchal អ្នកជំនាញកិច្ចការតំបន់អាហ្វ្រិក ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងតេអ៊ីរ៉ង់ ខណៈគាត់ចំណាយពេលចូលរួម នៅក្នុងពិធីសាសនា ជាមួយនឹងលោកស្រី Adelkhah នៅក្នុងប្រទេសអ៊ីរ៉ង់៕