កងទ័ពអ៊ីស្រាអែលយ៉ាងតិច១៤នាក់បានរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារ ចេញពីរថយន្តមួយគ្រឿងទៅលើក្រុមកងទ័ពអ៊ីស្រាអែលមួយក្រុម ទាំងយប់អធ្រាត្រ ស្ថិតនៅក្នុងទីក្រុង ហ្សេរ៉ូសាឡឹម ។
ប្រភពAPបានផ្សាយថា ការវាយប្រហារកើតឡើងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ ប៉ូលិសបានបញ្ជាក់ថា ជនបើកបររថយន្តមួយគ្រឿងបានបាញ់ប្រហារគោលដៅទៅលើទាហានមួយក្រុម កំពុងដើរនៅតាមដងផ្លូវ ក្នុងទីក្រុងដ៏មមាញឹកមួយកន្លែង ។ ជនវាយប្រហារបានបើករថយន្តរត់គេចខ្លួនក្រោយបាញ់ប្រហារ ។ ប៉ូលិសអ៊ីស្រាអែលបាននិងកំពុងស្រាវជ្រាវស្វែងរកជនប្រព្រឹត្តនាំខ្លួនមកទទួលទោសតាមច្បាប់ ។
មន្ត្រីម្នាក់ឈ្មោះAvi Katz បានប្រាប់បណ្តាញព័ត៌មានវិទ្យុយោធាអ៊ីស្រាអែលផ្សាយថា ទាហានភាគច្រើនបានរងរបួសស្រាលនៅក្នុងអំពើបាញ់ប្រហារនេះ ប៉ុន្តែមានម្នាក់រងរបួសធ្ងន់ ។
លោក Micky Rosenfeld អ្នកនាំពាក្យប៉ូលិសបានបញ្ជាក់ថា វាជាការបាញ់ប្រហារដោយក្រុមឧទ្ទាមម្នាក់ ហើយប៉ូលិសបាននិងកំពុងស៊ើបអង្កេត។
គួរបញ្ជាក់ថា ការបើករថយន្តបាញ់ប្រហារនេះ បន្ទាប់ពីប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលកងទ័ពអ៊ីស្រាអែលបាញ់ប្រហារ និងសម្លាប់យុវជនប៉ាឡេស្ទីនអាយុ១៧នាក់ម្នាក់ អំឡុងពេលប៉ះទង្គិចជាមួយក្រុមបាតុករ នៅតំបន់ជ្រោយ វេសថ៍បែង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។
នេះជាការបាត់បង់ជីវិតដំបូងគេបំផុតក្នុងស្ថានការតានតឹងកើតឡើងក្រោយការចេញផ្សាយគម្រោងសន្តិភាពនៅតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ នេះបើយោងតាមមន្ត្រីប៉ាឡេស្ទីន ។ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើក្រុមឧទ្ទាមហាម៉ាស ស្ថិតនៅតំបន់ជ្រោយហ្គាហ្សា ជាការឆ្លើយតបការវាយប្រហារដោយរ៉ុក្កែតទៅលើសហគមន៍អ៊ីស្រាអែលកាលពីមួយយប់មុននោះ ៕