រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab បានបំពេញទស្សនកិច្ចទៅក្រៅប្រទេសដំបូងគេបំផុត ក្រោយពីការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប (Brexit) ។ លោក Raab បានទៅកាន់ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីពិភាក្សាជាមួយសមភាគីអូស្ត្រាលីស្តីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។
ប៉ុន្តែទោះបីជាបែបណាក៏ដោយ ការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរស្តីអំពីក្រុមហ៊ុនបច្ចេកវិទ្យាហូវៃ របស់ចិននោះ គឺមិនពាក់ព័ន្ធនៅក្នុងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរឡើយ ។
លោក Dominic Raab បំពេញទស្សនកិច្ចនៅទីក្រុង កង់បេរ៉ា (Canberra) ប្រទេសអូស្ត្រាលី, បន្ទាប់មកលោកបន្តដំណើរទៅកាន់ប្រទេសជប៉ុន, ទៅកាន់ប្រទេសម៉ាឡេស៊ី និងទៅកាន់ប្រទេសសិង្ហបុរីផងដែរ ។
ជាមួយសមភាគីរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payneនោះ, ប្រមុខការទូតប្រទេសទាំងពីរបានប្តេជ្ញាជាថ្មីថា ប្រទេសទាំងពីរចាប់ផ្តើមកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនៅពេលឆាប់ៗខាងមុខនេះ ។ ក្នុងនោះផងដែរ ប្រទេសទាំងពីរក៏បានយល់ព្រមស្វះស្វែងរកវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មរហូតដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីកផងដែរ ។
លោករដ្ឋមន្ត្រី Raab បានថ្លែងថា «យើងសូមប្តេជ្ញាថ្ងៃនេះអំពីកិច្ចចាប់ផ្តើមពិភាក្សាលើមហិច្ឆតាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសរបស់ពួកយើងឆាប់ៗដែលអាចធ្វើទៅរួច»។ ប្រទេសអូស្ត្រលីជាប្រទេសដែលមានសក្តានុពលបំផុត និងមុនដំបូងគេ ដែលយើងបាននិងកំពុងជំរុញឲ្យកើតមានកិច្ចព្រមព្រៀងនេះ ៕