ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូបត់ឆ្លងផ្លូវពីក្រោយបណ្តាលឲ្យសិស្សស្រីម្នាក់រងរបួសបាក់ភ្លៅ និងម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវភ្លោះមុខវិទ្យាល័យជាស៊ីមជ្រោយចង្វា ភូមិ 3 សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គ្រុយ សុភាព អាយុ 20 ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុននៅផ្សាអុីអន 2 បើកបរម៉ូតូម៉ាកហុងគប់ជ្រុង ពាក់ស្លាកលេខ ភ្នំពេញ 1HM-6105 ស្នាក់នៅ ផ្លូវវត្តចាស់ ភូមិ 1 សង្កាត់ ជ្រោយចង្វាខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញរងរបួលស្រាល អ្នករួមដំណើរឈ្មោះ លាង ចន្ថា ភេទស្រី អាយុប្រហែល 14 ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ ភូមិ 3 សង្កាត់ ជ្រោយចង្វាខណ្ឌ ជ្រោយចង្វារាជធានីភ្នំពេញ។
ចំណែករថយន្តម៉ាក ហ៊ីណូ ក្រឡុកស៊ីម៉ង់ ពាក់ស្លាកលេខ ភ្នំពេញ 5A-0979 បើកបរដោយ ឈ្មោះ ម៉ង សុជា អាយុ 27 ឆ្នាំ មុខរបរ អ្នកបើករថយន្ត ស្នាក់នៅ ឃុំឬស្សីជ្រោយ ស្រុក មុខកំពូល ខេត្ត កណ្តាល ។
ប្រភពពត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា ម៉ូតូនិងរថយន្តបើកបរស្របទិសគ្នាក្នុងទិសដៅ ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូបានស៊ីញ៉ូបត់ឆ្វេង ពេលដែលបំរុងនឹងបត់ក៏ត្រូវរថយន្តបុកចំពីក្រោយបណ្តាលឲ្យកិនចំក្មេងស្រីរួមដំណើរពីក្រោយ និងបណ្តាលឲ្យរងរបួសបាក់ភ្លៅឆ្វេងនិងត្រគៀកឆ្វេងនិងម្នាក់ទៀតរងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូខាងលើទៅការរិយាល័យចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធី ចំណែកជនរងគ្រោះ កំពុងសម្រាក ព្យាបាលនៅ មនមន្ទីរពេទ្យគន្ធបុប្ផា ដោយរងរបួស បាក់ភ្លៅខាងឆ្វេង និង ត្រគាកខាងឆ្វេង ៕ ជ្រោយពេជ្រ