ព័ត៌មានទាន់ហេតុការណ៍៖

នៅសុខៗស្រាប់តែមានអគ្គិភ័យឆាបឆេះអស់ទូកស្មាច៤ នៅក្រោយមន្ទីរកសិកម្មខេត្តធ្វើឲ្យភ្ញាក់ដល់សមត្ថកិច្ច

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅសុខៗស្រាប់តែមានអគ្គិភ័យមួយឆេះឡើង នៅខាងក្រោយមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត ហើយភ្លាម​ៗ​កម្លាំងរថយន្ត​ពន្លត់​អគ្គិភ័យ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​​មក​អន្តរាគមន៍​​បាញ់​ពន្លត់ទាន់ពេល​ ។ ហេតុការណ៍នេះកើតឡើងនៅវេលា​ម៉ោង​១១ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិស្រែពោធិ សង្កាត់ស្រះប្ញស្សី ក្រុង​ ខេត្តស្ទឹងត្រែង ។

បើតាមលោកស្នងការ​នគរបាល​ខេត្ត​​បានឲ្យដឹងថា ​ភ្លើង​ឆេះ​​នៅ​ខាងក្រោយ​អគារ​មន្ទីរកសិកម្មខាងលើ ត្រូវបានខាងកម្លាំងស្នងការដ្ឋាននគបាលខេត្ត បញ្ចាកម្លាំងចេញទៅបាញ់ទឹកពន្លត់ទាន់ពេលវេលា និង​គ្រប់គ្រង​ស្ថាន​ការណ៍​បាន​ទាំងស្រុង​​​​។

ក្នុងករណីនេះ លោកថា អាចទាក់ទិន​ករណី​អគ្គិភ័យ​ខាងលើនេះ​ដែរ​ ​លោកដាក់ការសង្ស័យ និងការសន្និដ្ឋាន អាចមានមានពីរចំណុច ទី​១​-គឺ​មានមនុស្ស​ចូល​មក​លួច​ដុត និងទី​២-អាចមកពី​កម្ទេច​ភ្លើង​សេសសល់​ពី​ដុតកាកសំណល់សំរាម នៅមានភ្លើងឆេះមិនទាន់រលត់អស់ ។

លោកបន្តទៀតថា ប៉ុន្តែបើតាមសាក្សីម្នាក់បានប្រាប់មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងសមត្ថកិច្ចថា ​មុន​ពេលមាន​ភ្លើង​ឆេះ​ គេបាន​ឃើញ​​​ក្មេង​វ័យ​ជំទង់​ ២នាក់ដើរចូលមកលេងក្បែរ​នោះ​ ក្រោយមក​ស្រាប់តែ​មានភ្លើង​ឆេះ​ហើយ​បាត់ពួកគេអស់ទៅ​ ។

​ប្រភពបន្តថា ​​​ភ្លើង​ឆេះ​ចេញពី​ទូកស្មាច់​ដែល​រក្សា​ទុក​ នៅក្រោយអគាររហូតរាល​បន្ត​ទៅ​ដល់​សំណល់​គំនរ​ឈើ​ដែល​សេសសល់​ ពីធ្វើអាគារថ្មី ទើប​មានការ​​ភ្ញាក់​​ផ្អើល​ឆោឡោតែម្តង ​។ ​

កម្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ការខាតបង់នោះគឺទូកស្មាច់ថ្មីចំនួន៤គ្រឿង ​ដែល​មានតម្លៃ​ប្រហែល​ជិត​៣​ពាន់​ដុល្លា​រ ជា​ជំនួយ​របស់​អង្គការ​ដៃ​គូរ បានប្រគល់មកឲ្យខណ្ឌរដ្ឋបាលជលផល សម្រាប់​ចែក​ជូន​សហគមន៍​នេសាទ​ ដើម្បី​ចុះ​ល្បាត​ការពារ​ធនធាន​ជលផល ក្រៅពី​នោះ​មិន​មាន​ខាត​បង់​​អ្វីធ្ងន់ធ្ងរ​ឡើយ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ​រកមូលហេតុបន្ត ៕ មាស សុផាត


ចែករំលែក៖