ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិសែនជ័យ ដាក់គ្រឿងចក្រចុះរុះរើផ្ទះប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ដែលសង់រំលោភយកដីប្រឡាយ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ដែលសាងសង់រំលោភយកដីប្រឡាយដោយខុសច្បាប់ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា និងលោកចៅសង្កាត់កាកាបទី១ លោក ម៉ាលី ពិសិដ្ឋ បាននាំយកគ្រឿងចក្រចុះទៅធ្វើការរុះរើផ្ទះទាំងនោះមិនឲ្យមានការសាងសង់ទៀតឡើយ ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា មុននឹងឈានដល់ការចុះរុះរើបែបនេះ គឺអាជ្ញាធរបានទប់ស្កាត់ជាច្រើនលើកច្រើនសារមកហើយ ខណៈដែលបងប្អូនប្រជាពលរដ្ឋទាំងនោះ នាំគ្នារៀបចំសាងសង់មក ប៉ុន្តែពួកគាត់មិនស្ដាប់នៅតែសង់ទាំងបំពាន រហូតអ្នកខ្លះសង់រួចនិងខ្លះជិតរួចទៅហើយ ។

លោកអភិបាលរងបន្តថា ទីតាំងប្រឡាយដែលទទួលរងការសង់ផ្ទះរំលោភបំពាននោះ មានទីតាំងស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នាំយកគ្រឿងចក្រចុះទៅធ្វើការរុះរើចេញតែម្តង ។

ដោយឡែកលោក ម៉ាលី ពិសិដ្ឋ បានឲ្យដឹងថា ប្រជាពលរដ្ឋខាងលើ ទើបនាំគ្នាទៅចាប់យកដីប្រឡាយសង់ផ្ទះតូចៗរស់នៅរយៈពេល១អាទិត្យប៉ុណ្ណោះ ហើយពួកគាត់ គឺជាអ្នកមកពីតំបន់បឹងកក់ រាជធានីភ្នំពេញ ។ អាជ្ញាធរសង្កាត់ បានទទួលដំណឹងភ្លាមៗ ខណៈពេលដែលពួកគាត់ដឹកយកសម្ភារសង់ផ្ទះទៅកាន់ទីនោះដើម្បីសង់ផ្ទះលើប្រឡាយនេះ ហើយលោកក៏បានដឹកនាំកម្លាំងចុះទៅណែនាំមិនឲ្យពួកគាត់សាងសង់ឡើយ ។

លោកចៅសង្កាត់បន្តថា ប៉ុន្តែទោះជាខំរារាំងយ៉ាងណា ក៏ពួកគាត់មិនស្ដាប់ដែរនៅតែនាំគ្នាធ្វើការសាងសង់ផ្ទះឈើប្រក់ស័ង្កសី ព្រមទាំងបាំងជញ្ជាំងស័ង្កសីរបៀបជាផ្ទះអនាធិបតេយ្យ ហើយោយសារតែមិនអាចឃាត់ឈ្នះលោកបានរាយការណ៍ជូនសាលាខណ្ឌដើម្បីសុំគោលការណ៍ ។ រហូតមកដល់វេលាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ទើបអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា និងរូបលោកផ្ទាល់ ដាក់គ្រឿងចក្រចុះទៅធ្វើការរុះរើ ចេញវិញដោយមិនទទួលខុសត្រូវលើការខូចខាតអ្វីទាំងអស់ ដើម្បីរំដោះយកប្រឡាយមេមកវិញ ទុកសម្រាប់រំដោះទឹកមិនឲ្យមានការលិចលង់ ផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នងនារដូវវស្សា ៕សុខា សែនជ័យ


ចែករំលែក៖