ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញនគរបាលខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ និងថ្នាំញៀន១៤កញ្ចប់ធំតូច មកកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ពៅ វិ មុខរបរមិនពិតប្រាកដ ឈ្មោះ ពៅ វី មុខរបរ មិនពិតប្រាកដ និង ឈ្មោះ ចាន់ ទី មុខរបរមិនពិតប្រាកដ ដោយអ្នកទាំង៣ មានទីលំនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀន១៤កញ្ចប់ ធំ តូច ដាវសាំម៉ូរៃ ទូរសព្ទ័៣គ្រឿង និងសម្ភារឧបករណ៍ជក់ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត និងកម្លាំងវរៈសេនាតូចការពារព្រំដែនគោគលេខ៦០៩ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់បង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាចំនួន៣នាក់នេះតែម្តង ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចនគរបាលបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន