ខេត្តព្រះវិហារ: ផ្ទះឈើប្រក់ស័ង្កសីមួយខ្នង ជាកម្មសិទ្ធិរបស់លោកនាយរងប៉ុស្តិ៍ច្រកទ្វារជាំ ត្រូវព្រះអគ្គិលេបត្របាក់ទាំងស្រុងកាលពីវេលាម៉ោង ៩ និង ២០នាទី ថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារទុស្សេខ្សែភ្លើង សូឡា ។
មន្ត្រីនគរបាល ស្រុកជាំក្សាន្តបានឲ្យដឹងថា ផ្ទះនេះសង់ពីឈើ ដំបូលប្រក់ស័ង្កសី មានទំហំ ៦ម×៨មជាផ្ទះរបស់ឈ្មោះ ហុង វីរ: ភេទប្រុស អាយុ៣៦ឆ្នាំ មានតួនាទីជានាយរងប៉ុស្តិ៍ជាំ អង្គភាព ៧៩៣ មានទីលំនៅភូមិ/ឃុំខាងលើ ត្រូវឆេះទាំងស្រុង ព្រមទាំងខូចខាតសម្ភារ:ប្រើប្រាស់ផ្សេងៗក្នុងផ្ទះជាច្រើន ដោយសារទុស្សេខ្សែភ្លើង សូឡា បណ្តាលឲ្យរាលដាលជាអណ្តាតភ្លើងយ៉ាងពេញបន្ទុកតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះពុំមានរថយន្តពន្លត់អគ្គិភ័យចេញទៅជួយធ្វើអន្តរាគមន៍ទាន់ឡើយ ដោយសារទីតាំងកើតហេតុនៅឆ្ងាយ និងលំបាកផ្លូវបើកចូលទៅជួយសង្រ្គោះ ៕ ប្រាថ្នា