ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនសន្តិសុខផ្សារសូរិយ៉ាម៉លម្នាក់ ជាមុខសញ្ញាលួចកញ្ចក់រថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ដែលជាសន្តិសុខយាមនៅផ្សារសូរិយ៉ាម៉ល ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តប្រជាពលរដ្ឋដែលចតទុកនៅមុខផ្ទះបានសម្រេចហើយ គាប់ជួនកម្លាំងល្បាតនគរបាលខណ្ឌ៧មករា ប្រទះឃើញធ្វើអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខ១៩៣អ៊ី០ ផ្លូវលេខ២១៧ ភូមិ៣ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សុភ័ណ្ឌ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខផ្សារសូរិយ៉ាម៉ល មានទីលំនៅមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួនពិនិត្យទឹកនោមមានសារធាតុញៀន។ ចំណែកជនរងគ្រោះឈ្មោះ គ្រុយ ចម្រើន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅផ្ទះកើតហេតុខាងលើ ។

មន្រ្តីដដែលបន្តថា ក្រោយឃាត់ខ្លួនកម្លាំងជំនាញចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន៖ កញ្ចក់រថយន្តរបស់ជនរងគ្រោះចំនួន២ ; ដែកសម្រាប់ឆ្កឹះសោចំនួន ៤សរសៃ ; ទួណឺវីសចំនួន២ ; ម៉ូតូជិះធ្វើសកម្មភាពចំនួន ១គ្រឿង មួកកាសពណ៌ចំនួន១ ។ ចំពោះកញ្ចក់រថយន្ត ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់កាតាមច្បាប់ ៕ស រស្មី


ចែករំលែក៖