គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ និងយន្តហោះធុនតូច របស់ក្រុមហ៊ុន ឯកជនសម្រាប់ដឹកអ្នកដំណើរតែងតែកើតឡើងជាបន្តបន្ទាប់ ។ ជាកស្តែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឧទ្ធម្ភាគចក្រប្រភេទ Bell 407 បានធ្លាក់នៅស្រុក Laishevsky នៅស្ថិតនៅសាធារណរដ្ឋ Tatarstan ប្រទេសរុស្ស៊ី បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់។
ក្រុមជួយសង្គ្រោះរុស្ស៊ីបានបញ្ជាក់ថាឧទ្ធម្ភាគចក្រឯកជន បានហោះហើរចេញពីភូមិ Levashevo ក្នុងស្រុក Alekseevsky ឆ្ពោះទៅកាន់តំបន់ Matyushino ស្រុក Laishevsky។នៅលើយន្តហោះមានមនុស្ស៣នាក់ ក្នុងនោះមានម្នាក់ស្លាប់ និង២នាក់ រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីពេទ្យ។
លោក Airat Khairullin អនុប្រធានគណៈកម្មការសភារុស្ស៊ីទទួលបន្ទុកកសិកម្ម បានបញ្ជាក់ថាអ្នកស្លាប់ដោយគ្រោះថ្នាក់ខាងលើ ជាសមាជិកសភា មកពីគណបក្ស ឯកភាពជាតិរុស្ស៊ី។
ក្រុមអ្នកឯកទេស កំពុងតែបើកការស្រាវជ្រាវ ថាតើឧទ្ធម្ភាគចក្រ ជួបគ្រោះថ្នាក់ខាងលើ បណ្តាលមកពីមូលហេតុអ្វី។ ក្រុមអ្នកស្រាវជ្រាវសង្ស័យ បញ្ហាបច្ចេកទេស និងអាកាសធាតុមិនអំណោយផលជាមូលហេតុបណ្តាលឲ្យជួយគ្រោះថ្នាក់ .
ចំណែកនៅអាមេរិកវិញ ក៏មាន យន្តហោះដឹកអ្នកដំណើរធុនតូចមួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់ នៅរដ្ឋអាឡាស្កា អាមេរិកបណ្តាលឲ្យមនុស្ស៥នាក់ នៅលើយន្តហោះស្លាប់ទាំងអស់ ក្នុងនោះមានអាកាសយានិកម្នាក់ និងអ្នកដំណើរ៤នាក់។
អ្នកនាំពាក្យទីភ្នាក់ងារអាកាសចរណ៍ស៊ីវីល អាមេរិក FAA លោក Allen Kenitzer បានបញ្ជាក់ថា យន្តហោះដែលជួបគ្រោះថ្នាក់ ប្រភេទ Piper PA32 បានធ្លាក់ នៅក្នុងភូមិ Tuntutuliak ចម្ងាយពីទីក្រុង Anchorage ៦៩២ គីឡូម៉ែត្រ ។ យន្តហោះជួបគ្រោះថ្នាក់ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Yute Air មានទីតាំងនៅទីក្រុង Bethel រដ្ឋ Alaska។
ក្រោយជួបគ្រោះថ្នាក់ប្រមាណ២ម៉ោង ឧទ្ធម្ភាគចក្រក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ។ មកទល់ពេលនេះ អត្តសញ្ញាណជនរងគ្រោះមិនទាន់ដឹកនៅឡើយ។ រីឯមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ ភ្នាក់ងាអាកាសចរណ៍ស៊ីវីល អាមេរិក FAA នឹងបើកការស្រាវជ្រាវឲ្យបានឆាប់បំផុត៕