ព័ត៌មានទាន់ហេតុការណ៍៖

ថៃចង់បង្កើតគណៈកម្មការទប់ស្កាត់រដ្ឋប្រហារ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា

ចែករំលែក៖

តាមការដកស្រង់ការចេញ ផ្សាយពីសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្សាយថា ក្រុមតំណាងរាស្ត្របក្សប្រឆាំងថៃ «ស្នើបង្កើតគណៈកម្មាធិការពិសេស ទប់ស្កាត់រដ្ឋប្រហារ» និងចង់ឲ្យលោក ប្រាយុទ្ធ ចាន់អូចា ធ្វើជាប្រធានតែម្តង។

សំណើបង្កើតគណៈកម្មាធិការពិសេសខាងលើ ធ្វើឡើងដោយអគ្គលេខាធិការគណបក្សអនាគតថ្មី លោក ភីយ៉ាបុត្រ សែងកាណុតគុល (Piyabutr Saengkanokkul)។ លោក Piyabutr បានលើកឡើងដូច្នេះថា «កងទ័ពបានធ្វើរដ្ឋប្រហាររដ្ឋាភិបាលជាញឹកញប់ រហូតដល់អ្នកខ្លះចាត់ទុកថា ពួកគេគឺជាថ្នាំព្យាបាលជំងឺនយោបាយជាប់គាំង… ដូច្នេះសមាជិកសភាទាំងអស់ គួរតែធ្វើការងាររួមគ្នាបង្កើតវិធានការរារាំងកុំឱ្យ រដ្ឋប្រហារ អាចកើតមានឡើងនៅពេលអនាគត តាមរយៈការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ»។

បន្ថែមពីលើនេះ លោក សាសឹមសាន មីធីប (Kasemsan Mithip) ដែលជាសមាជិកសភាគណបក្សអនាគតថ្មី ក៏បានប្រាប់សភាថៃកាលពីថ្ងៃព្រហស្បតិ៍ដែរថា លោក ប្រាយុទ្ធ ចាន់អូចា គួរតែត្រូវបានអញ្ជើញឱ្យដឹកនាំគណៈកម្មាធិការពិសេសមួយនេះ ដោយសំអាងថា «គ្មាននរណាម្នាក់ស្គាល់ ឬដឹងច្បាស់ពីការធ្វើរដ្ឋប្រហារ ជាងមេដឹកនាំធ្លាប់ធ្វើរដ្ឋប្រហារនោះទេ»។

គួរជម្រាបថា បើតាមលោក Piyabutr ប្រទេសថៃបានឆ្លងកាត់រដ្ឋប្រហារ ១៣លើកមកហើយ ក្នុងរយៈពេល ៨៨ឆ្នាំមកនេះ ឬគិតជាមធ្យមរដ្ឋប្រហារតែងតែកើត ឡើងជារៀងរាល់ ៦ឆ្នាំម្ដង រីឯយោធាត្រូវបានគេមើលឃើញថា គឺជាអ្នកទទួលផលចំណេញ ពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល៕


ចែករំលែក៖