ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់វាយប្រហារអាមេរិកនៅអ៊ីរ៉ាក់ ៖ ទាហានអាមេរិករងរបួស​កើន​១០៩នាក់

ចែករំលែក៖

មន្ទីរបង់តាហ្គូន​បាន​ធ្វើបច្ចុប្បន្នភាពឡើងវិញ​ នូវ​កងកម្លាំង​យោធា​របស់ខ្លួនដែល​រងរបួស​ខួរក្បាលធ្ងន់ធ្ងរ​កើនឡើងចំនួន​១០៩នាក់ ដោយសារការវាយប្រហារដោយមីស៊ីល​របស់អ៊ីរ៉ង់​នៅក្នុងទឹកដីអ៊ីរ៉ាក់​នោះ ។

ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក (DoD)​កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា យ៉ាងតិច​កម្លាំងយោធាអាមេរិក​១០៩នាក់​បានធ្វើរោគវិនិច្ឆ័យ​​រកឃើញប៉ះពាល់ធ្ងន់ធ្ងរ​ផ្នែកខួរក្បាល (TBI)​ដោយសារតែការវាយប្រហារ​របស់​អ៊ីរ៉ង់ ។

ក្រសួង​ការពារជាតិអាមេរិក​បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ទៀតថា កងកម្លាំង​ទាំងនោះចំនួន​៧៦នាក់​បានវិលត្រឡប់​ទៅកាន់​តួនាទី​បំពេញភារកិច្ចដូចដើមវិញហើយផងដែរ ។

សេចក្តីថ្លែងការណ៍បន្តទៀតថា «មកដល់ពេលនេះ​ យោធាអាមេរិក​១០៩នាក់ បានធ្វើរោគវិនិច្ឆ័យ​ ឃើញមានបញ្ហាធ្ងន់ធ្ងរនៅត្រង់ខួរក្បាល ឬ mTBI ហើយ​មានការកើនឡើងចំនួន​៤៥នាក់ទៀត​ ពីចំនួន​កាលពីលើកមុន​ដែលបានផ្សព្វផ្សាយ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ អ៊ីរ៉ង់​បានវាយប្រហារ​ដោយប្រព័ន្ធមីស៊ីល​យ៉ាងតិច​២៣គ្រាប់​ទៅលើ​ទីតាំង​បន្ទាយយោធាជើងអាកាសអាមេរិក​នៅលើទឹកដីអ៊ីរ៉ាក់ ដែលអីរ៉ង់អះអាងថា ជាការវាយប្រហារសងសឹក​ទៅលើអាមេរិក​ដែលបានសម្លាប់​មេទ័ពអ៊ីរ៉ង់​មួយរូប Qasem Soleimani ។

កងកម្លាំង​យោធា​អាមេរិក​ ក្រោមការបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាទៀប​ភ្លឺ​បានវាយប្រហារ​តាមយន្តហោះដ្រូន ទៅលើក្បួនរថយន្ត​មេទ័ពអ៊ីរ៉ង់​រូបនោះ រួមជាមួយមន្ត្រី​ដទៃផ្សេងទៀត​ បណ្តាលឲ្យស្លាប់​នៅជិតអាកាសយានដ្ឋានទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ៕


ចែករំលែក៖