ព័ត៌មានទាន់ហេតុការណ៍៖

បម្រែបម្រួលអាកាសធាតុ ជាមូលហេតុបណ្តាលឲ្យជំងឺពាក់ព័ន្ធផ្លូវដង្ហើមកើនឡើងនៅលើពិភពលោក​

ចែករំលែក៖

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា កតាបម្រែបម្រួលអាកាសធាតុ ក៏ជាដើមហេតុមួយដ៏សំខាន់​បង្កឲ្យមានជំងឺចំឡែក ផ្សេងៗ ពិសេសគឺវីរុស ដែលអាចឆ្លងតាមផ្លូវដង្ហើម ដ៏គ្រោះថ្នាក់​ ក្នុងនោះមានជំងឺ ​Ebora, Sar, MERS ហើយពេលនេះគឺ corona ។ ជាមួយគ្នានោះក៏មានជំងឺផ្តាសាយបាក្សី​​ជាច្រើនប្រភេទ ដូចជា H5N1,H1N1 … ជាដើម ។

ក្នុងពេលដែលចិនកំពុងតែផ្ទុះ ជំងឺផ្លូវដង្ហើម​កូរ៉ូណាសម្លាប់មនុស្ស ជាច្រើន ពេលនេះ នៅប្រទេសអ៊ុយក្រែន ក៏មានជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរផ្តាច់ជីវិតមនុស្សសរុប ២៦នាក់ហើយ ។

មជ្ឈមណ្ឌលសុខភាពសាធារណៈរបស់អ៊ុយក្រែន បានរាយការណ៍ថា ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរបានសម្លាប់ជីវិតមនុស្សអស់ ២៦នាក់ហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១២ ខែកម្ភៈ ឆ្នាំ២០២០ ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន មជ្ឈមណ្ឌលសុខភាពសាធារណៈរបស់អ៊ុយក្រែន បានឲ្យដឹងថា មនុស្សចំនួន ២៦០.៨៧១នាក់ ដែលនៅក្នុងនោះមាន ៦៨% ជាក្មេងអាយុក្រោម ១៧ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយ គិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកុម្ភៈកន្លងទៅនេះ ។

គួរបញ្ជាក់ថា គិតចាប់់តាំងពីការឈានចូលរដូវរងារនៅអ៊ុយក្រែនមក មនុស្សសរុប ៩៥.៣៦៥នាក់ហើយដោយនៅក្នុងនោះ ៧៦.៨% គឺជាកុមារ បានទទួលការព្យាបាល ឲ្យជាសះស្បើយវិញពីជំងឺផ្តាសាយ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ ។

ដោយឡែក នៅប្រទេសចិន អាជ្ញាធរសុខាភិបាលចិននាថ្ងៃពុធនេះបានប្រកាសថា អ្នកជំងឺវីរុសខូវីដ-១៩ (វីរុសកូរ៉ូណាប្រភេទថ្មី ឬ Covid-19) សរុប ៤,៧៤០នាក់ហើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបាលរហូតដល់ជាសះស្បើយ ។

យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការជាតិសុខាភិបាលនៃប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញនេះអ្នកជំងឺសរុប ៧៤៤នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ដោយក្នុងនោះ ៤១៧នាក់នៅខេត្តហ៊ូប៉ី (Hubei) និងក្រុងវូហាន (Wuhan) ។ ជាមួយគ្នានេះ តួលេខអ្នកស្លាប់សរុបបានកើនដល់ ១,១១៣នាក់ និងករណីឆ្លងបានឡើងដល់ ៤៤,៦៥៣ករណីគិតនៅទូទាំងខេត្ត និងតំបន់ស្វយ័តចំនួន៣១របស់ចិន (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់) ។

គួរជម្រាបថា កាលពីថ្ងៃទី​១១ មានករណីឆ្លងថ្មីមានចំនួន២,០១៥ករណី និងករណីអ្នកបាត់បង់ជីវិតថ្មីមានចំនួន ៩៧ករណី ហើយក្នុងនោះអ្នកស្លាប់ ៩៤នាក់នៅខេត្ត Hubei និង 0៣នាក់ទៀតគឺនៅខេត្ត ហេណាន (Henan), ហ៊ូណាន (Hunan) និងទីក្រុង ឆុងឈីង (Chongqing) ។

នៅពែលនេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Ghebreyesus) បានប្រកាសថា ការផលិតវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណាថ្មី ដែលទើបតែមានឈ្មោះជាផ្លូវការ Covid-19 អាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល ១៨ខែខាងមុខនេះ ខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិននៅតែបន្តកើនឡើង ។

លោក Tedros ធ្វើការកត់សម្គាល់ខាងលើ នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារសប្ដាហ៍នេះ ។ លោកប្រធាន WHO បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង ព្រមទាំងវិធីសាស្ត្រព្យាបាល គឺជាផ្នែកមួយដ៏សំខាន់នៃរបៀបវារៈក្នុងការសិក្សាស្រាវជ្រាវ… ប៉ុន្តែវាត្រូវការពេលវេលាខ្លះ ហើយខ្ញុំយល់ថា វ៉ាក់សាំងដំបូងអាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល ១៨ខាងមុខទៀតនេះ» ។

លោក Tedros បន្ថែមថា នៅក្នុងរយៈពេលដែលមិនទាន់មានវ៉ាក់សាំង ប្រទេសទាំងឡាយគួរតែប្រើប្រាស់វិធានការដែលខ្លួនកំពុងអនុវត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ។

ប៉ុន្តែ មន្ត្រីជំនាញវេជ្ជសាស្ត្រចិនសង្ឃឹមថា «ការរីករាលនៃវីរុសកូរ៉ូណាថ្មី Covid-19 នឹងបញ្ចប់នៅខែមេសា» ខណៈចំនួនអ្នកឆ្លងបន្តធ្លាក់ចុះ ។ ជាមួយគ្នានេះមន្ត្រីជំនាញចិនមានការព្យាករណ៍ជាច្រើនថា ការរីករាលនៃវីរុសនេះអាចនឹងបញ្ចប់ នៅត្រឹមខែមេសាខាងមុខនេះ ។

បើតាមលោក ចុង ណាសាន (Zhong Nanshan) ជាទីប្រឹក្សាវេជ្ជសាស្ត្រជាន់ខ្ពស់មា្នក់របស់ចិន កាលពីថ្ងៃអង្គារម្សិលមិញ នៅទូទាំងខេត្តហ៊ូប៉ី (Hubei) ដែលជាចំនុចចាប់ផ្ដើមនៃការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី ឬ COVID-19 នោះបានរាយការណ៍ថា អ្នកជំងឺ ៩៤នាក់បានស្លាប់ រីឯចំនួនអ្នកឆ្លងថ្មីមាន ១,៦៣៨នាក់ បើធៀបទៅនឹងកាលថ្ងៃទី0៤ ខែកុម្ភៈ ចំនួនអ្នកឆ្លងថ្មីមានរហូតដល់លើស ៣,០០០នាក់ឯណោះ ។

លោក Zhong បន្តថា នេះគឺជាអត្រានៃការធ្លាក់ចុះចំនួនអ្នកឆ្លងវីរុស COVID-19 គិតចាប់តាំងពីថ្ងៃទី៣១ ខែមករាមក ហើយមិនតែប៉ុណ្ណោះលោកក៏បានព្យាករណ៍ដែរថា ការរីករាលដាននៃវីរុសនេះ អាចនឹងដល់ទីបញ្ចប់នៅខែមេសា ។ «ខ្ញុំសង្ឃឹមថា ការរីករាលដាលនៃវីរុសនេះ អាចនឹងបញ្ចប់នៅខែមេសាខាងមុខនេះ» ។ នេះជាការបញ្ជាក់របស់លោក Zhong៕


ចែករំលែក៖