មកទល់ពេលនេះ អ្នកឆ្លងវីរុសកូរ៉ូណា នៅលើនាវាទេសចរណ៍ Diamond Princess កើនឡើងដល់ទៅ១៧៤នាក់ហើយ។ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសជប៉ុនលោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) បានលើកឡើងនៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ក្រុមជំនាញវេជ្ជសាស្ត្របានរកឃើញអ្នកឆ្លងវីរុស កូរ៉ូណាថ្មី ឬ Covid-19 ចំនួន ៣៩នាក់បន្ថែមទៀតនៅលើកប៉ាល់ទេសចរណ៍ ខាងលើ។
ជប៉ុនបានអះអាងថា មនុស្ស ៥៣នាក់ដែលត្រូវបានគេសង្ស័យថា អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី Covid-19 នោះត្រូវបានទទួលការធ្វើតេស្តជាបន្តបន្ទាប់ នៅលើនាវាខ្នាតយក្សដែលផ្ទុកមនុស្សជាង ៣,៧០០នាក់ ហើយជាលទ្ធផលគឺ ៣៩នាក់ក្នុងចំណោម ៥៣នាក់មានផ្ទុកវីរុស Covid-19។ បន្ថែមពីនេះមនុស្ស ០៤នាក់ ក៏កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។
គួរបញ្ជាក់ផងដែរថា នាវាខាងលើនេះត្រូវបានឃាត់ទុកនៅកំពង់ផែទីក្រុង យ៉ូកូហាម៉ា (Yokohama) របស់ជប៉ុនកាលពីសប្តាហ៍មុន ក្រោយពីមនុស្សម្នាក់ដែលត្រូវបានគេដឹងច្បាស់ថា មានផ្ទុកវីរុសកូរ៉ូណាថ្មី ធ្លាប់មានវត្តមានលើកប៉ាល់នោះជាមួយមនុស្សសរុប ៣,៧១១នាក់ (ទាំងអ្នកដំណើរ និងក្រុមបម្រើការងារលើកប៉ាល់)។
ការឆ្លងរាលដាលនៅលើនាវានោះបានប៉ះពាល់ដល់នាវាទេសចរណ៍ ផ្សេងទៀត។នៅពលេនេះនាវាទេសចរណ៍ខ្នាតយក្សដ៏ប្រណិត វែស្ទើរដាម (Westerdam) កំពុងស្ថិតនៅក្នុងភាពវិលវល់ហើយក្រោយប្រទេស និងកោះ សរុបចំនួន០៦ មានដូចជា កោះតៃវ៉ាន់, ហ្វីលីពីន, ជប៉ុន, កូរ៉េខាងត្បូង, កោះហ្គាំ (អាមេរិក) និងចុងក្រោយគេគឺប្រទេសថៃ បានបដិសេធមិនឲ្យឲ្យចូលចតនៅកំពង់ផែពួកគេឡើយ ព្រោះតែខ្លាចនៅលើនាវានោះមានអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ឬ (Covid-19)។
ក្រុមហ៊ុនដែលគ្រប់គ្រងនាវា Westerdam បានចេញសេចក្តីប្រកាសថា អ្នកជិះទាំងអស់ (ទាំងអ្នកដំណើរ និងអ្នកបម្រើការងារ) នៅលើនាវារបស់ខ្លួនមួយគ្រឿងនោះ គ្មាននរណាម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី Covid-19 នោះឡើយ។ ទោះបីជាបែបនេះក្តីមកដល់ថ្ងៃពុធនេះគេនៅមិនទាន់ដឹងថា តើកប៉ាល់ Westerdam គ្រោងធ្វើដំណើរទៅណាជាបន្តទៀតនោះឡើយ។ ប៉ុន្តែបើយោងតាមព័ត៌មានកប៉ាល់នេះកំពុងស្ថិតនៅឈូងសមុទ្រថៃ។ កន្លងមករដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញបម្រាមហាមកប៉ាល់ធំៗចូលចតជាបណ្តោះអាសន្ន។
ដែនដីចុងក្រោយដែលបានហាមឃាត់នាវាទេសចរណ៍ខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិកហូឡេនដ៍ (Holland America) របស់សហរដ្ឋអាមេរិក គឺប្រទេសថៃ។ រដ្ឋមន្រ្តីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសថៃមិនអនុញ្ញាតឲ្យ កប៉ាល់ទេសចរណ៍មួយគ្រឿងចូលចត និងដាក់អ្នកដំណើរនៅឯកំពង់ផែក្រុង ឡេមឆាបាង (Laem Chabang) នោះឡើយ។
គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19) ខណៈឧទាហរណ៍ជាក់ស្តែងមួយ បានកើតមានឡើងរួចទៅហើយ នៅលើនាវាទេសចរណ៍ Diamond Princess ដែលកំពុងចតនៅកំពង់ផែ យ៉ូកូហាម៉ា (Yokohama) របស់ជប៉ុន ជាមួយអ្នកផ្ទុកវីរុស Covid-19 ចំនួន ១៧៤នាក់ក្នុងចំណោម ៣,៧០០នាក់ដែលជិះនៅលើនោះ៕