ព័ត៌មានទាន់ហេតុការណ៍៖

UN: កុមារជាង ២៥០ លាននាក់​ រងផលប៉ះពាល់ដោយសារអំពើអរិភាព​

ចែករំលែក៖

ប្រធាន UNថា ​កុមារ​ជាង ២៥០ លាននាក់​ រងផលប៉ះពាល់ដោយសារអំពើអរិភាព​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ​​របស់​UN នៅថ្ងៃទី១២ ខែកុម្ភៈ ថា កុមារ​ប្រហែល​២៥០​លាននាក់​​បាននិងកំពុងរងផលប៉ះពាល់ និងរស់នៅ​ក្នុងប្រទេស​ទាំងឡាយ​កំពុង​​ហែកហួរញាំញីដោយអំពើហិង្សា ជម្លោះប្រដាប់អាវុធ សង្គ្រាមស៊ីវិល​កើតឡើង ។

លោក Guterres បានថ្លែងទៀតថា ក្នុងឆ្នាំ​២០១៨ កុមារ​ជាង ១២ ០០០នាក់​បានស្លាប់ និងរបួស​ដោយសារលទ្ធផលមក​ពីជម្លោះ​ទាំងអស់នោះ ជាតួលេខខ្ពស់ជាងគេបំផុត​ចាប់តាំងពីឆ្នាំ១៩៩៦រហូតមក ។

ថ្លែងក្នុងឱកាស​ទិវាអន្តរជាតិប្រឆាំង​ការប្រើប្រាស់កុមារធ្វើជាកម្លាំងយោធា,​ លោកអគ្គលេខាធិការបាន​បញ្ជាក់ថា កុមារអាយុក្រោម១៨ឆ្នាំ មានចំនួនកើនឡើងជាង​៥០ភាគរយ រងផលប៉ះពាល់​នៅក្នុងប្រទេសដែលកំពុងមានសង្គ្រាម ។ កុមារទាំងនោះ​កំពុងក្លាយជាជនងាយរងគ្រោះបំផុត ​និងមិនអាចការពារខ្លួន​ពួកគេបានពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធទាំងនោះបានឡើយ ។

លោក Guterres បានថ្លែងថា ក្នុងឆ្នាំ​២០១៨ មានករណី​រំលោភបំពានទៅ​លើកុមារ​ជាង​២៤ ០០០​ករណី​ ត្រូវបានកត់ត្រាទុក គឺកើនឡើងជាងកាលពីឆ្នាំ២០១៧ ដែលមានតែ ២១ ០០០ករណី​។

លោកបានបន្តថា យុទ្ធនាការទូទាំងពិភពលោក ក៏បានអនុវត្តឡើងផងដែរ ក្នុងនោះ រួមមានដូចជា​​យុទ្ធនាការ «កុមារ​ មិនត្រូវបានប្រើប្រាស់ធ្វើជាកងកម្លាំង» ក៏ដូច​ជា​កតិកាការពារ​ថ្មីដើម្បី​ជួយ​ដល់ពួកគេ គេចផុតបាន​ពីការប្រើប្រាស់​​​នៅក្នុងជម្លោះ​នោះ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ក៏តួលេខ​កុមាររងគ្រោះ នៅតែមានកំណើន​កើនឡើង​ជាដរាប ។

លោកបញ្ជាក់ថា កតា​​កំណើនទាំងអស់នេះ ដោយសារតែ​អំពើអរិភាពដ៏ធ្ងន់ធ្ងរ និង​ការមិនយកចិត្តទុកដាក់​ដ៏គួរឲ្យខ្មាស់អៀន​ចំពោះ​អាយុជីវិត​ជនស៊ីវិល ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ​បានជំរុញ​ប្រទេស​ទាំងអស់ ត្រូវតែ​មានវិធានការ​សកម្មភាព​រឹងមាំ​ដើម្បី​ការពារ​កុមារ​​ដែលរងផលបះពាល់ដោយសារជម្លោះ​ទាំងនោះ ដោយចាត់ទុកថា​កិច្ចការនេះ​ជាការងារ​អាទិភាព ៕


ចែករំលែក៖