អ្នកដំណើរ២នាក់ ពីនាវាដឹកអ្នកដំណើរដែលឆ្លងជំងឺកូរ៉ូណាវីរុស (COVID-19) ហើយត្រូវបានបោះយុថ្កានៅជិតទីក្រុងតូក្យូនោះ បានស្លាប់ និង២៩នាក់ផ្សេងទៀតកំពុងមានស្ថានភាពជំងឺធ្ងន់ធ្ងរ ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ។ អ្នកដំណើរនៅលើកប៉ាល់នេះ ក្រុមទីពីរបានចាកចេញពីកប៉ាល់នេះ ក្រោយពេលនៅលើកប៉ាល់ ហើយត្រូវបានដាក់ឲ្យនៅឆ្ងាយដាច់ដោយឡែកពីគេឯងចំនួនពីរសប្តាហ៍នោះរួចមក។
អ្នកដំណើរនៅលើកប៉ាល់ជាង ៦២០នាក់ បានឆ្លងជំងឺ ។ នាវានេះត្រូវបានដាក់ឲ្យស្ថិតនៅឆ្ងាយពីគេឯងតាំងតែពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ មនុស្សនៅលើកប៉ាល់នេះសរុប ៣៧០០នាក់ ។
ទីភ្នាក់ងារព័ត៌មាន NHK បានផ្សាយថា អ្នកដំណើរដែលបាត់បង់ជីវិតគឺបុរសជនជាតិជប៉ុនអាយុ៨៧ឆ្នាំ ហើយនិងស្ត្រីជនជាតិជប៉ុនអាយុ៨៤ឆ្នាំ។
ប្រភពបន្តថា ជនរងគ្រោះទាំងពីរនាក់មានស្ថានភាពផ្នែកសុខភាព ហើយត្រូវនាំចេញពីពីកប៉ាល់កាលពីថ្ងៃទី១១ ខែកុម្ភៈ និងថ្ងៃទី១២ ខែកុម្ភៈ មុនពេលត្រូវបានបញ្ជូនចូលព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
មន្ត្រីក្រសួងសុខាភិបាលជប៉ុនមួយរូបបានថ្លែងថា អ្នកដំណើរនៅលើកប៉ាល់ Diamond Princess ប្រហែល៥០០នាក់បានចាប់ផ្តើមចាកចេញពីកប៉ាល់កាលពីថ្ងៃទី២០ ខែកុម្ភៈ ហើយធ្វើដំណើរតាមជើងហោះហើរមនុស្សធម៌ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។
កាសែត ក្យូដូ ញូវ បានផ្សាយថា អ្នកដំណើរនៅលើកប៉ាលនេះ២៩នាក់ មានស្ថានភាពសុខភាពធ្ងន់ធ្ងរ ហើយក្នុងនោះមានម្នាក់កាលពីពេលមុននេះធ្វើតេស្តិ៍វីរុសចេញលទ្ធលផលអវិជ្ជមានផងដែរ ។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលជប៉ុនមិនទាន់បញ្ជាក់ព័ត៌មានលម្អិតភ្លាមៗបានទេ ៕